ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវស្វែងយល់ តើអ្វីទៅជាវិបត្តិរំលាយអាហារ?

ចែករំលែក៖

ភ្នំពេញ៖ វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រូសារ។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ 

ក) មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ 

   – ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ 

   – ការទទួលរំញោចលើសលប់ របស់ក្រពះ 

   – មេរោគក្រពះ (Helicobacter Pylori) 

   – កត្តាផ្លូវចិត្ត

 ខ) រោគសញ្ញា៖ 

   ១- ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖ 

     • បរិភោគអាហារឆាប់ឆ្អែត

     • តឹងណែនពោះក្រោយបរិភោគ 

     • ឈឺចុងដង្ហើម 

     • ក្រហាយចុងដង្ហើម

 

   ២- រោគសញ្ញាគ្រោះថ្នាក់រួមមាន៖ 

     • ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ 

     • ការស្រកទម្ងន់ដោយគ្មានមូលហេតុ 

     • ពិបាកលេប ឬលេបឈឺ 

     • ក្អួតមិនបាត់ 

     • ស្លេកស្លាំង 

     • ស្ទាបប៉ះដុំនៅចុងដង្ហើម 

     • ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ 

     • បន្ទោបង់មានឈាម 

     • កើតលឿង 

   ៣- ព្រមទាំងមានរោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។ល។ 

គ) ការធ្វើរោគវិនិច្ឆ័យ៖ 

ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូពោះ និងព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។ 

ឃ) ទាក់ទងទៅនឹងការព្យាបាល ជារួមមាន៖ 

     – ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជាមុនសិន 

     – ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ 

     – ផ្តល់ប្រឹក្សា និងទំនុកចិត្តដល់អ្នកជំងឺ។ 

“ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់” ៕

ដោយ ៖ សហការី


ចែករំលែក៖