ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងនាំគ្នាជួយដងទឹកជះពន្លត់បន្ទាប់ពីផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុងដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ខណៈដាំបាយហើយមិនបានពន្លត់ភ្លើងចង្ក្រាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិគោកស្រម៉ ឃុំ-ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះញាន សាន ភេទស្រី អាយុ៦៩ឆ្នាំ មានទីលំនៅក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល។
ផ្ទះដែលរងការឆាបឆេះមានទទឹង៥ម៉ែត្របណ្ដោយ៧ម៉ែត្រសង់អំពីឈើប្រក់ក្បឿង(ផ្ទះខូចខាតប្រហែល ៤០%)។ ចំពោះសម្ភារខូចខាតរួមមាន អង្ករ៥០គីឡូកក្រាម, ស្រូវ៧បាវ, ទូរទស្សន៍១គ្រឿង វិទ្យុ១គ្រឿង, តុទូមួយចំនួននិងថវិកា១៥០ ០០០៛(ដប់ប្រាំម៉ឺនរៀល)។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានផ្សែងហុយនិងមានអណ្ដាតភ្លើងឆេះចេញពីផ្ទះបាយឈ្មោះញាន សាន យ៉ាងខ្លាំង ទើបបង្កការភ្ញាក់ផ្អើលនិងហៅម្ចាស់ផ្ទះនាំគ្នាប្រញាប់ប្រញាល់ជួយដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៍បាន ហើយមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ៕
ដោយ៖ សុថាន