ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធទាញរនូតគ្រែវាយសំពងប្តី រហូតដល់ស្លាប់នៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ គិតខ្លី ខឹងខ្លាំងពេកបាត់បង់ការទប់អារម្មណ៍ ត្រឹមតែមួយប៉ប្រិចភ្នែកក្លាយជាឃាតកត្រូវជាប់ពន្ធនាគារ បាត់បង់គ្រួសារ។ នេះហើយការខ្វះព័ត៌មានអប់រំ ពីការប្រើអំពីហិង្សាក្នុងគ្រួសារ ។ 

   ជាក់ស្តែងស្ត្រីចំណាស់ម្នាក់បានជះកំហឹង១៨០អង្សាសេ ខ្លួនជាប្រពន្ធសោះ បានទាញរនូតគ្រែវាយសំពងប្តីរហូតដល់ស្លាប់នៅខេត្តតាកែវ ហើយចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ដើម្បីយកទៅធ្វើការការសាកសួរតាមនីតិវិធី។ 

    សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ យប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

    ដើមហេតុ៖ គ្រាន់តែរឿងឈ្លោះប្រកែកគ្នាបន្តិចបន្តួចសោះប្រពន្ធក៏បានយកឈើជ្រុងជារនូតគ្រែចាស់មានដែកគោលមកវាយប្តីជាច្រើនដំបង ស្លាប់នៅនឹងកន្លែង។

    ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ឃុំខ្វាវ បានចុះមកធ្វើអន្តរាគមន៍ ហើយឃាត់ខ្លួន ស្ត្រីជាប្រពន្ធបញ្ជូនទៅអធិការដ្ឋានស្រុកសំរោងដើម្បីសួរនាំនិងដាក់ទោសទៅតាមផ្លូវច្បាប់ ។ ចំណែកសពទុកឱ្យកូនក្មួយ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សហការី


ចែករំលែក៖