ព័ត៌មានទាន់ហេតុការណ៍៖

តោះ! មកដឹងក្រុងចំនួន៥ របស់កម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ីចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុងចំនួន៥ របស់ព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ីចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R  ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប និងបណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានចុះហត្ថលេខា ក្នុងការប្តេជ្ញាចិត្តឆ្ពោះទៅសម្រេចបាននូវទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ ក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន​ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈម្សិលមិញនេះ​។ 

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3Rផងដែរ។ 

ដោយ​ឡែក​នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំ។ នៅរសៀលថ្ងៃដដែលនេះ នៅក្នុងកិច្ចប្រជុំពេញអង្គទី៤ ស្តីពី «សេដ្ឋកិច្ចវិលជុំ និងសហគ្រាសធុនតូចនិងមធ្យម (SMEs)»។ 

វាគ្មិនកម្ពុជា បានធ្វើបទបង្ហាញអំពីផលិតផលបៃតង និងសេដ្ឋកិច្ចវិលជុំឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងអាជីវកម្មឥដ្ឋអេកូ នៅក្នុងសេដ្ឋកិច្ចវិលជុំ

ចំណែកបណ្តាប្រទេសនៃតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើបទបង្ហាញទាក់ទងទៅនឹង៖

១)ឆ្ពោះទៅភាពបន្ស៉ាំនៃសេដ្ឋកិច្ចអព្យាក្រឹតកាបូន និងសេដ្ឋកិច្ចវិលជុំ តាមរយៈការលើកកម្ពស់ SMEs 

២)តួនាទីនៃសហគ្រាសធុនតូចនិងមធ្យមនៅក្នុងសេដ្ឋកិច្ចវិលជុំផ្តោតលើបញ្ហាប្រឈម និងឱកាស

៣)តើសហគ្រាសធុនតូចនិងមធ្យមអាចគាំទ្រចំពោះការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចវិលជុំដោយរបៀបណា?

៤)ភាពជាដៃគូនៃវិស័យសាធារណៈ និងវិស័យឯកជន គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចវិលជុំ (ប្រទេសជប៉ុន)៕

ដោយ​៖សហការី​


ចែករំលែក៖