ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជាច្រេីននាក់ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងនៅជាប់ផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ទីតាំងខាងលេីនេះត្រូវបានបងប្អូនអ្នកសារព័ត៌មានធ្វេីការចុះផ្សាយសង្ស័យពាក់ព័ន្ធនឹងល្បែងសុីសងខុសច្បាប់ ដែលមានបាញ់អាប៉ោង បៀ ឬល្បែងភ្នាល់ផ្សេងៗទៀត ទេីបរូបលោកទទួលបានបទបញ្ជាពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះត្រួតពិនិត្យផ្ទាល់តែម្ដង ។
ជាលទ្ធផលក្នុងការចុះមកដល់ គឺឃេីញមានតែលេងបាល់ទះ បោះប៊ូល និងមានអ្នកផឹកសុីជុំគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈទីតាំងខាងលេីនេះមានលក្ខណៈបិទបាំងដោយកុងផ្លាកេ និងក្រណាត់ ទេីបធ្វេីឱ្យប្រជាពលរដ្ឋ និងបងប្អូនអ្នកសារព័ត៌មានមួយចំនួនមានការយល់ច្រឡំ ។
ជាមួយគ្នានោះ លោក ម៉ៅ បូណែត ដែលជាអភិបាលរងខណ្ឌចំការមន ក៏បានធ្វេីការអប់រំណែនាំដល់អ្នកមេីលការខុសត្រូវ និងធ្វេីការកិច្ចសន្យាមិនត្រូវលួចបេីកល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំលុបបំបាត់នោះឡេីយ ៕
ដោយ ៖ ភារ៉ា ដង្កោ