ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​សំឡូត​ បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ទុក​ចែក​ចាយ​គ្រឿងញៀន​ខុសច្បាប់​០៣​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ មុខសញ្ញា​ចែកចាយ​គ្រឿង​ញៀន​ខុសច្បាប់​ចំនួន​ ៣នាក់នៅស្រុកសំឡូត​ បានបង្ហាញ​មុខពួកគេជា​សាធារណៈ​ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

របាយការណ៍​ដដែល​បន្តថា​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀ​ង​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ កាលពីយប់ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ម៉ែ​ន​ រី​ម​ អធិការ​នគរបាល​ស្រុក​សំឡូត​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ករណី​រក្សា​ទុក​ ចែកចាយ​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​គ្រឿងញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ត្រង់​ចំណុច​អូរ​ឆ្នាំង​ធ្លុះ​ ភូមិ​ឆក​រកា​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​ 

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ មាស​ សាំង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឆក​រកា​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ។​ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ -​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០១​ថង់​ ទម្ងន់​ ០.១១​ក្រាម​។​ 

​ឆ្លង​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​ មាស​ សាំង​ និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​បាន​បន្ត​កិច្ច​ប្រតិបត្តិការ​រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​ ទី​១.​ឈ្មោះ​ គុ​ច​ ភក្ត្រា​ ហៅ​ម៉េ​ស​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ឆក​រកា​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ និង​ទី​២.​ឈ្មោះ​ ទន់​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឆក​រកា​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​ 

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ -​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០១​ថង់​ ទម្ងន់​ ០.២២​ក្រាម​ ។​ -​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​ -​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​ ។​ 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​រួម​និង​វត្ថុ​តាង​ ត្រូវបានកម្លាំង​នគរបាល​ស្រុក​សំឡូត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​៕

ដោយ​៖សហការី​


ចែករំលែក៖