ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន ៖​ រដ្ឋបាលខេត្តមិនចង់ធ្វើការផាកពិន័យចំពោះហត្ថពលកម្មបរទេសដែលមកធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែម្ចាស់សហគ្រាស រោងចក្រ ត្រូវតែសុំសៀវភៅការងារឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅយប់ថ្ងៃ​ចន្ទ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុ ចំនួន ៣៣៥ ដោយមានការចូលរួមពីលោកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងផ្នែកអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពនៅពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ​ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ 

  លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ទី១.ទិដ្ឋភាពច្បាប់ពាក់ព័ន្ធបទដ្ឋានគតិយុត្តនានា ២.បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារជនបរទេសប្រចាំឆ្នាំ ៣.ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្មបរទេស ៤.ការផាកពិន័យ ៥.ការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ៦.បញ្ហាប្រឈម ៧.សំណូមពរ។ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់សណ្ឋាគារ កាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់កម្ពុជាឱ្យមានប្រសិទ្ធិភាព។

   លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នេះជាការផ្សព្វផ្សាយលើកទី២ ដល់ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ និងកាស៊ីណូ អ្វីដែលរដ្ឋបាលខេត្តចង់បាន គឺការចូលរួមគោរពច្បាប់ទាំងអស់គ្នាដែលមន្ទីរការងារបានធ្វើការបកស្រាយពន្យល់ បង្ហាញលេខទូរសព្ទទំនាក់ទំនង ដើម្បីមានភាពងាយស្រួលធ្វើការទំនាក់ទំនងជាមួយក្រុមការងាររបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

 លោកអភិបាលខេត្ត សង្ឃឹមថាបងប្អូនអាចយល់ដឹងកាន់តែច្បាស់ ដែលមន្ត្រីរបស់យើងធ្វើការពន្យល់បកស្រាយតាមមាត្រា និងនីតិវិធីក្នុងការស្នើសុំសៀវភៅការងារ។ រដ្ឋបាលខេត្តនៅតែលើកទឹកចិត្តសម្រាប់សហគ្រាស រោងចក្រ ដែលកំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុ យើងមិនចង់ធ្វើការផាកពិន័យចំពោះហត្ថពលកម្មបរទេសដែលមកធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែអស់លោក លោកស្រីត្រូវតែសុំសៀវភៅការងារឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបាកដាក់ចេញនូវផែនការសកម្មភាពបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនៃការជួញដូរកម្លាំងពលកម្ម ជួញដូរមនុស្ស ជួញដូគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងភ្នាល់ខុសច្បាប់ផ្សេងទៀត ដើម្បីការពារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គម ហើយបទល្មើសទាំងអស់នេះ វាបានផ្តើមចេញពីហត្ថពលកម្មបរទេសដែលរស់នៅដោយខុស កើតជាអំពើឆបោក ការបង្ខិតបង្ខាំងទាប្រាក់ជាដើម។ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានដឹកនាំការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ហើយបទល្មើសផ្តើមចេញពីអ្នកគេចវេសហត្ថពលកម្មបរទេសខុសច្បាប់នេះ ដើម្បីឈានទៅការគ្រប់គ្រងសន្តិសុខ និងទប់ស្កាត់ការឆបោក គឺត្រូវចូលរួមមគោរពច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ប្រសិនបើពលកម្មបរទេសដែលមិនមានសៀវភៅការងារពួកគេនឹងងាយរងគ្រោះ នៃការគំរាមកំហែង និងការអូសទាញឆបោក មានន័យថាបើពលករបរទេសរស់នៅស្របច្បាប់ មានសៀវភៅការងារ អំពើល្មើសនិងត្រូវកាត់បន្ថយ។ 

ស្របពេលការគម្រាមកំហែងដោយកូវីដ-១៩ ប្រទេសនៅលើពីភពលោកបានបើកសេដ្ឋកិច្ច និងបើកទេសចរឡើងវិញ ខេត្តព្រះសីហនុ ក៏ជាខេត្តទេសចរមួយផងដែរ។ តាមការរំពឹងទុកលំហូរភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុនៅពេលខាងមុខ ទន្ទឹមនោះយើងមានភារកិច្ចការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគដែលមកបំពេញការងារប្រកបដោយសុវត្ថិភាព និងរកប្រាក់ចំណូលប្រកបដោយភាពសុខសាន្ត។ យើងបន្តលើកទឹកចិត្តឱ្យហត្ថពលកម្មរបរទេសចូលរួមគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជា យើងនឹងមានសុខដុមនីយកម្មទាំងអស់គ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក នេះជាពេលវេលានៃការផ្សព្វផ្សាយ ផ្តល់ឱ្យយើងមានការយល់ដឹងពីច្បាប់ការងារ ដូច្នេះលោក លោកស្រីត្រូវធ្វើការពន្យល់ដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូ។

   លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យអគ្គកុងស៊ុលនៃប្រទេសទាំងពីរជួយបន្តការផ្សព្វផ្សាយដល់សហគ្រាសទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូលរួមកាត់បន្ថយបទល្មើស និងល្បែងភ្នាល់ខុសច្បាប់ ការជួញដូមនុស្ស ជួញដូរពលកម្មជាដើម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យល្អប្រសើរនៅពេលខាងមុខ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណអគ្គកុងសុលវៀតណាម និងផ្នែកអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានបំពេញការងារនៅខេត្តព្រះសីហនុ ចូលរួមការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដែលមកធ្វើការងារនៅលើទឹកដីខេត្តព្រះសីហនុ៕

ដោយ​៖ស​ តារា​


ចែករំលែក៖