ប្រទេសឡាវ ៖ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
នៅក្នុងសន្និសីទសារព័ត៌មានសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។
សម្តេចបានមានប្រសាសន៍ទៀតថា យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។
សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា។
សម្តេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។
សម្តេចបានអះអាងថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ៕
ដោយ ៖ សិលា