ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានគុណធម៌ ការអាណិត ស្រឡាញ់ ប្រជាពលរដ្ឋ ដើម្បីបានការងារធ្វើ សម្រាលដល់ជីវភាពគ្រួសារ។ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះ សារលើផេកផ្លូវការថា, ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មាន ឱកាសបើកឡើងវិញនិងដោយគិតទៅ ដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។
សម្តេចតេជោ មានប្រសាសន៍ថា, ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។
សម្តេចតេជោ សូមបងប្អូនធ្វើការទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បញ្ជាក់ថា, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។
សម្តេចថ្លែងបន្តថា, សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង របស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់ យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
សម្តេចតេជោ មានប្រសាសន៍ថា, ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕
ដោយ ៖ សិលា