កាលពីថ្ងៃទី១៤ ខែកុម្ភៈ កងកម្លាំងជួយសង្គ្រោះនៅក្នុងប្រទេសទួរគីបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន៣ នាក់ទៀតបន្ទាប់ពី១៩៨ម៉ោងដែលជាប់នៅក្រោមគំនរបាក់បែកក្នុងនោះមានបុរសអាយុ១៨ឆ្នាំម្នាក់ និងបងប្អូនពីរនាក់អាយុ ២១ និង ១៧ ឆ្នាំ។
បច្ចុប្បន្ន កងកម្លាំងជួយសង្គ្រោះទាំងនៅក្នុងប្រទេសទួរគី និងស៊ីរីកំពុងបន្តប្រណាំងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
នាថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានជាង ៣០០នាក់ និងឧបករណ៍យោធាពិសេសចំនួន ៦០គ្រឿងរបស់ប្រទេសរុស្សុីកំពុងជួយស៊ីរីក្នុងការយកឈ្នះលើផលវិបាកនៃគ្រោះមហន្តរាយរញ្ជួយដីដែលបានកើតឡើងជាងមួយសប្តាហ៍មុន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ទាហានរុស្ស៊ីក៏ចូលរួមក្នុងការដឹកជញ្ជូនកញ្ចប់អាហារ ក៏ដូចជាថ្នាំសម្លាប់មេរោគ និងសម្ភារចាំបាច់ផ្សេងទៀតទៅកាន់កន្លែងចែកចាយជំនួយមនុស្សធម៌នៅក្នុងទីក្រុងអាឡិបប៉ូ ភាគពាយ័ព្យនៃប្រទេសស៊ីរី។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) បាននិយាយថា យន្តហោះដឹកជំនួយមនុស្សធម៌របស់ចិនបានចេញដំណើរទៅកាន់ប្រទេសស៊ីរីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ។ យន្តហោះនេះបានដឹកឧបករណ៍សង្គ្រោះបឋមប្រហែល ៣០.០០០ សម្រាប់ ១០.០០០ អាវ តង់ ៣០០ ភួយ ២.០០០ ក៏ដូចជាឧបករណ៍ពេទ្យសង្គ្រោះបន្ទាន់ដូចជា បំពង់ខ្យល់ ម៉ាស៊ីនចាក់ថ្នាំស្ពឹក ម៉ាស៊ីនផលិតអុកស៊ីហ្សែន ភ្លើងវះកាត់ និងរបស់របរចាំបាច់ផ្សេងៗទៀត។
យន្តហោះនេះត្រូវបានគេរំពឹងថានឹងមកដល់រដ្ឋធានី Damascus នៅថ្ងៃទី ១៥ ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។
មន្ត្រីម្នាក់មកពីក្រសួងដឹកជញ្ជូនអារ៉ាប៊ីសាអូ៊ឌីតក៏បាននិយាយផងដែរថា យន្តហោះដែលដឹកទំនិញសង្គ្រោះរបស់ប្រទេសនេះបានចុះចតនៅទីក្រុងអាឡិបប៉ូ ដែលជាទីក្រុងធំទីពីររបស់ប្រទេសស៊ីរីកាលពីថ្ងៃទី ១៤ ខែកុម្ភៈ។
នេះជាជើងហោះហើរដំបូងពីអារ៉ាប៊ីសាអ៊ូឌីតទៅស៊ីរីក្នុងរយៈពេលជាង១០ឆ្នាំ។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី SANA ក៏បានបញ្ជាក់ព័ត៌មាននេះផងដែរ ហើយបាននិយាយថា យន្តហោះនោះបានដឹកជំនួយស្បៀងចំនួន ៣៥តោន។
គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគី និងស៊ីរី នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣៧,០០០នាក់ ក្នុងនោះមានជាង ៣០០នាក់នៅក្នុងប្រទេសស៊ីរី៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN