ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូកង់បីនិងម៉ូតូ បណ្តាលឱ្យមនុស្សម្នាក់របួសធ្ងន់និងមនុស្ស ០២នាក់ទៀតស្លាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨និង៤៥នាទី ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ ម៉ូតូកង់បី មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AA-1551 អ្នកបើកបរឈ្មាះ សែ វុទ្ធី ភេទប្រុស អាយុ ប្រហែល ៣៧ឆ្នាំ នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) ទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR-3236 អ្នកបើកបរឈ្មោះ លឿត ទី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឈើទៀល ឃុំសិរិមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ជឿន អេន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នឹងកន្លែងកើតហេតុ)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលដោយសារភាគីម៉ូតូកង់បីបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកភាគីម៉ូតូសង់ឌ្រីមបើកបរល្បឿនលឿនមិនប្រកាន់ស្តាំ ទើបបណ្តាលឱ្យ បុកគ្នាពេញទំហឹងតែម្តង។
បច្ចុប្បន្ន នគរបាលស្រុកភ្នំព្រឹកបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹក ដើម្បីដោះស្រាយតាមនីតីវិធី ។ ជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អរុណរះ