ភ្នំពេញ ៖ “បន្តលើកកម្ពស់គុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស” ត្រូវបានលើកជាទិសស្លោកសម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
សូមបញ្ជាក់ថា ទីស្តីការក្រសួងនាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដោយមានវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
អង្គសន្និបាតត្រូវបានប្រាព្ធឡើងក្នុងគោលបំណងចម្បងដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើស្នាដៃនិងលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងបានអនុវត្តរយៈពេលពេញមួយឆ្នាំ២០២២ កន្លងទៅ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣នេះ ជាមួយនឹងទិសស្លោក “បន្តលើកកម្ពស់គុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”។
ថ្លែងក្នុងពិធីបើកសន្និបាតនាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ ក៏ដូចជាគម្រោងការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងគ្រោងអនុវត្តក្នុងពេលខាងមុខ ដែលរួមមាន៖
១-ការងារសាធារណការនិងគ្រប់គ្រងបច្ចេកទេស។ ២-ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍។ ៣-ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ។ ៤- ការងារផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ។ ៥-ការងារភ័ស្តុភារកម្ម ។ ៦-ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់។ ៧-ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល និង៨-ការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសន្និបាតទាំងមូលចូលរួមផ្ដល់យោបល់ឱ្យបានផុលផុសក្នុងការពិនិត្យពិភាក្សាលើបញ្ហានានា ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ ស្របទៅតាមទិសស្លោកដែលបានដាក់ចេញ ដើម្បីធានាបាននូវផែនការដែលមានភាពប្រាកដប្រជា ព្រមទាំងអាចអនុវត្តបាន ប្រកបដោយជោគជ័យផ្លែផ្កាក្នុងឆ្នាំ២០២៣ និងទៅអនាគតបន្តទៀត៕
ដោយ ៖ សហការី