ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រី និងកងកម្លាំងក្រោមឱវាទទាំងអស់ ព្រមទាំងអាជីវករ និងប្រជាពលរដ្ឋទាំងអស់ បើកយុទ្ធនាការតភ្ជាប់បណ្ដាញតេឡេក្រាម ជាមួយសម្ដេចតេជោហ៊ុន សែន ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានបង្កើត Channel ផ្លូវការ ក្នុងបណ្តាញ Telegram ដើម្បីផ្តល់សារនានាជូនដល់សាធារណជន ឲ្យបានទទួលព័ត៌មាន រហ័សនិងពិតប្រាកដ ពីថ្នាក់ដឹកនាំផ្ទាល់ ។
លោកបានជំរុញ បែបនេះខណៈ លោក ឃួង ស្រេង បានបើក កិច្ចប្រជុំជាបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងទាំង២ភេទ មន្ទីរទាំងអស់ ផ្សាររដ្ឋទាំង២៥ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នាល្ងាចថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន នេះឲ្យបានលឿន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងនៅភ្នំពេញបានតភ្ជាប់ ។ យើងត្រូវប្រឹងប្រែងគ្រប់មុខសញ្ញាទាំងអស់។ ចំពោះសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក៏ត្រូវតភ្ជាប់ដូចគ្នានេះផងដែរ។ ដូច្នេះមន្ត្រីរបស់យើងត្រូវអនុវត្តការងារនេះឲ្យបានលឿននិងឲ្យបានល្អ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារតបណ្ដាញតេឡេក្រាមជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអស់នេះ គឺសម្ដេច មានគោលបំណងឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិយើងបានលឿន ទាន់ពេលវេលានិងទាន់ហេតុ ការណ៍។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើត Channel តេលេក្រាម (Telegram) មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ Channel ផ្លូវការរបស់សម្តេចមានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនាប៉ុន្មានថ្ងៃកន្លងនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា»៕
ដោយ ៖ សំរិត