ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្រេចតេជោបានឲ្យដឹងអំពីលទ្ធផលជំនួបថា ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា លោក នាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣ ។
លោក យ៉ូស៊ីដា បានសម្ដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជា នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោក យ៉ូស៊ីដា បានបន្ថែមថា បើសិនគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាពឡើយ។ លោក នឹងជំរុញពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខ ឬអ្នកដើរពីក្រោយ គឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឱ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាពផង។ ក្នុងន័យនេះ លោក យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ លោក យ៉ូស៊ីដា ហើយបានជម្រាបជូនពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសបានរងការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនោះ ពិតជាពិបាកណាស់ កម្ពុជាបានរងនូវការបាត់បង់ស្ទើរទាំងអស់។មួយចំណែកទៀត កម្ពុជារងនូវការកាប់សម្លាប់អស់ជាង ៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប សម្ដេច គ្មានជម្រើសផ្សេងទេ មានតែការកសាងទ័ព តស៊ូ ចចារ និងយកជីវិតទៅប្ដូរ ដើម្បីសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទាំងអស់ គ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ ជាក់ស្ដែងដូចជា ស្ថានភាពនៅអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់ ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យសេចក្ដីសុខសន្តិភាព របស់ប្រជាជនទាំងពីរផង ទាំងក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ៕
ដោយ ៖ សិលា