ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេ រឿង«ជាតិក្រោយ» ដែលធ្លាប់ទទួលបានពានអន្តរជាតិនឹងចាក់បញ្ចាំងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតភាពយន្តបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេរបស់ប្រទេសកម្ពុជា គឺរឿង«ជាតិក្រោយ»  ដែលថតនៅប្រទេសកម្ពុជាដោយជនជាតិអាមេរិកលោក Jake Wachtelនឹងចាក់បញ្ចាំងសម្រាប់ទស្សនិកជនកម្ពុជាតាមបណ្តារោង ភាពយន្តចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនេះ។

ភាពយន្ត «ជាតិក្រោយ» ប្រាប់ពីរឿងនិទានរបស់យុវជនខ្មែរសាមញ្ញម្នាក់ឈ្មោះ ឡេង ហេង ដែលគ្រួសាររបស់គាត់ប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ ដោយសារទីតាំងនោះជាទីតាំងដែលត្រូវអភិវឌ្ឍន៍។ យុវជនរូបនោះបានរួមដៃជាមួយក្មេងស្រីឆ្លាតម្នាក់ឈ្មោះ ស្រី ល័ក្ខ ដើម្បីស្វែងរកព្រះពុទ្ធបដិមាដែលគេកប់ទុកដែលក្មេងជំទង់ទាំងពីរជឿថានឹងអាចជួយសង្គ្រោះផ្ទះរបស់ហេងបាន។ ក្មេងជំទង់ទាំងពីរនោះរួមទាំងមិត្តភក្តិរបស់ពួកគេបានប្រើប្រាស់វិទ្យាសាស្ត្រប្រព័ន្ធប្រសាទដោយប្រើបច្ចេកវិទ្យា AR និងកម្មវិធីឌីជីថលផ្សេងៗទៀតដើម្បីស្វែងរករូបសំណាកនេះ។ ជាភាពយន្ដបែបវិទ្យាសាស្ត្រប្រឌិតដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននាពេលអនាគតដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុតឆាកដែលមានបច្ចេកវិទ្យាទំនើបៗផ្សេងទៀត។  

គេចាំបានថា កាលពីឆ្នាំ ២០២១ ភាពយន្តនេះគឺជាភាពយន្តដែលបានចាក់បញ្ចាំងនៅពិធីបើកកម្មវិធីវាយតម្លៃភាពយន្តអន្តរជាតិក្រុង Venice លើកទី ៣៦។ ចាប់តាំងពីពេលនោះមក ខ្សែភាពយន្តនេះបានក្លាយជាផ្នែកមួយក្នុងកម្មវិធីមហោស្រពភាពយន្ត នានាទូទាំងពិភពលោក ព្រមទាំងបានឈ្នះពានរង្វាន់កំពូលជាច្រើនផងដែរមុនពេលភាពយន្តនេះចាក់បញ្ចាំងជាផ្លូវការ នៅអាមេរិកខាងជើង។ ភាពយន្ត «ជាតិក្រោយ»  នឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia និង Legend ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដោយការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

   លោក Jake Wachtel អ្នកដឹកនាំរឿង «ជាតិក្រោយ» បាននិយាយថា៖ «ភាពយន្តនេះពិតជារឿងបែបវិទ្យាសាស្ត្រដំបូងគេ សម្រាប់ភាពយន្តខ្មែរដែលថតក្នុងប្រទេសកម្ពុជាដោយមានតួសម្តែងនិងក្រុមការងារជាជនជាតិខ្មែរ។ វប្បធម៌ខ្មែរបានជំរុញចិត្ត ខ្ញុំយ៉ាងខ្លាំងក្នុងការផលិតភាពយន្តនេះ។ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងមានមោទនភាពដែលបានឃើញទីក្រុងរបស់ពួកគេ វប្បធម៌របស់ពួកគេឆ្លុះបញ្ចាំងនៅក្នុងភាពយន្តវិទ្យាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃទីក្រុងភ្នំពេញនាពេលអនាគត ដែលជារឿងមួយដែលពាក់ព័ន្ធនឹងប្រពៃណី និងជំនឿរបស់ប្រទេសកម្ពុជាផងដែរ»។លោក Wachtel ក៏បានបន្តនិយាយថា បន្ថែមពីលើភាពគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ការផលិតខ្សែភាពយន្តនេះគឺដើម្បីនាំយករឿងខ្មែរដ៏ប្លែកនិងគួរឱ្យរំភើបទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

 សហផលិតករភាពយន្ត «ជាតិក្រោយ» លោក សុខ វិសាល ដែលជាស្ថាបនិកនៃ 802 Films និងលោក Wachtel បានបង្ហើបឱ្យដឹងថាភាពយន្ត «ជាតិក្រោយ» នេះគឺជាការងើបចេញពីស្តង់ដារភាពយន្តរបស់ប្រទេសកម្ពុជា។លោក បាននិយាយថា៖ «ទោះបីជារោងភាពយន្តខ្មែរកាន់តែមានភាពទំនើបក៏ដោយប៉ុន្តែសាច់រឿងខ្សែភាពយន្តនៅ ប្រទេសកម្ពុជានៅតែមានភាពសាមញ្ញដែលមើលទៅភាគច្រើនជាភាពយន្តបែបស្នេហាត្រីកោណ និងកំប្លុកកំប្លែង។ «ជាតិក្រោយ» មានភាពខុសប្លែកពីភាពយន្តដទៃព្រោះភាពយន្តនេះបង្ហាញពីជំនឿនិងទំនៀមទម្លាប់ប្រទេសកម្ពុជាដែលទាក់ទងនឹងការចាប់បដិសន្ធិឡើងវិញរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យានាពេលអនាគតដូចជា វិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងបច្ចេកវិទ្យា AR » ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖