ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន២នាក់ទៀត បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣លើកនៅស្រុកបាកាន ។មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ញ. 2454 ភព.2.ឈ្មោះ នៅ រីន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង(របួស)ធ្វើចរាចរណ៍ពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលបុករថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 7185 ពីក្រោយ រួចរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យខូចខាតថែមទៀត ។

មន្ត្រីនគរបាលស្រុកដដែលបន្តទៀតថា នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៣.២១៤ ស្ថិតនៅភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយមានរថយន្តមិនស្គាល់ម៉ាក បានបុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗហើយ ស្រាប់តែមានអ្នកជិះម៉ូតូ១គ្រឿងផ្សេងទៀត មកបុកម៉ូតូដែលត្រូវរថយន្តបុកស្លាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរថែមទៀត បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចនគរបាលបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖