ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គឹម សន្តិភាព ៖ ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខ គឺជាកាតព្វកិច្ចរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត គឹម សន្តិភាព បានមានប្រសាសន៍ថា « ការខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខ គឺជាកាតព្វកិច្ចរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ។

 សូមបញ្ជាក់ថា, នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំដូនតី ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងអង្គពិធី លោកបណ្ឌិត បានសង្កត់ធ្ងន់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវខិតខំបង្កើនស្មារតីទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពជាតិឱ្យកាន់តែរឹង និងមាំទូលំទូលាយថែមទៀតក្នុងក្របខ័ណ្ឌខ្មែរតែមួយ ដើម្បីសម្រេចឱ្យបានជោគជ័យជាស្ថាពរតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺ« ខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ » នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យសម្រេចបានជាដាច់ខាត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាទូទៅ កាន់តែទទួលបានសេចក្តីសុខសេចក្តីសម្រើនដ៏រុងរឿងក្រោមម្លប់សន្តិភាពសម្តេចតេជោ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ។

ក្រោយពីបញ្ចប់កិច្ចសំណេះសំណាលរួចមក  លោកបណ្ឌិត គឹម សន្តិភាព បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីវអ៊ីវ ទឹកសុទ្ធ និងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន កុំព្យូទ័រ ម៉ាស៊ីនស្កេន ម៉ាស៊ីនហ្វូតូកូពី ដែលជាអំណោយដ៏ថ្លៃថ្លា របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកស្រី ជូនដល់ក្រុមការងារយុវជនគណបក្សឃុំដូនតី ដើម្បីជាការរួមចំណែកពង្រឹងសកម្មភាពគណបក្សក្នុងមូលដ្ឋានឃុំដូនតី ក្នុងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ឱ្យសម្រេចបានជោគជ័យជាស្ថាពរតាមសេចក្តីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជនកម្ពុជា៕

ដោយ ៖ សហការី


ចែករំលែក៖