ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសថា នឹងសហការដើម្បីធ្វើឲ្យមានភាពប្រាកដប្រជាថាទំនិញដែលដាក់លក់តាមសាលារៀនពិតជាត្រូវបានអនុវត្តតាមការស្នើសុំរបស់ក្រសួងអប់រំ។ មន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថានឹងចុះស្រាវជ្រាវ ត្រួតពិនិត្យមុខទំនិញអាហារប៉ះពាល់សុខភាពនិងចាត់វិធានការផ្លូវការច្បាប់ ចំពោះអាជីវករ និងអ្នកផលិតផលិតផលណា ដែលចែកចាយលក់ ទំនិញអាហារប៉ះពាល់សុខភាពក្មេងៗ តាមសាលារៀន។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ចំណីអាហារនៅតាមសាលារៀនរដ្ឋនិងឯកជននានាដើម្បីសុវត្ថិភាព ចំណីអាហារដល់សិស្សសាលា។ មួយរយៈកន្លងមកក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការជាច្រើនដើម្បីធានាបានសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុន្តែលើកនេះត្រូវធ្វើថែមទៀតដើម្បីសុខមាលភាពរបស់សិស្សសាលានិងធានាបានថានៅតាមសាលារៀនមិនមានលក់អាហារដែលក្រសួងអប់រំយុវជននិងកីឡាបានហាមឃាត់នោះទេ។
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រោយពិធីបើកវគ្គបណ្តុះបណ្តាលកម្មសិទ្ធបញ្ញា ត្រៀម ប្រឡងជ្រើសរើសភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាកជំនាន់ទី៦ នៅកម្ពុជា ថ្ងៃទី១៧ ខែកុម្ភៈ នេះថ្លែងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និង ប្រកួតប្រជែង ហៅកាត់ថា ក.ប.ប បាននិងកំពុងធ្វើចុះស្រាវជ្រាវនិងត្រួតពិនិត្យមុខ ទំនិញអាហារចែកចាយតាមទីផ្សារ យកមកធ្វើតេស្តរកសារធាតុផ្សំប៉ះពាល់សុខភាពជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។
លោករដ្ឋលេខាធិការបន្តថា នៅពេលនេះមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ក៏នឹងពង្រីកការចុះត្រួតពិនិត្យមុខទំនិញអាហារនៅតាមសាលារៀនបន្ថែមទៀតនិងចាត់ វិធានការតាមផ្លូវច្បាប់ នៅពេលរកឃើញមុខទំនិញចំណី អាហារណាមានសារធាតុហាមឃាត់ ដែលបង្កផលប៉ះ ពាល់សុខភាពដល់ក្មេងៗជាពិសេសសិស្សានុសិស្ស។
សូមបញ្ជាក់ថា ក្រោយពីសង្កេតឃើញ មានការលក់ដូរចំណីអាហារមិនមានសុវត្តិភាព និងសុខុមាលភាព ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងអប់រំ បានបង្ហោះសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនឡើងវិញ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីបន្តក្រើនរំលឹកសារជាថ្មី ឲ្យគណៈគ្រប់គ្រងសាលារៀននានា ពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។
ក្រសួងអប់រំយុវជននិងកីឡា ក៏បានបង្ហោះរូបភាពមុខ ទំនិញផលិតផលប្រភេទ នំ ចំណី អាហារជាច្រើន ដែល ក្រសួងហាមឃាត់ក្នុងការលក់ដូរនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនផងដែរ ក្នុងទិស ដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំជាដើម៕
ដោយ៖ សូរិយា