ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ មានអញ្ញាតជន​ យករូបភាពនិងឈ្មោះ​ថ្នាក់ដឹកនាំស្នងការទៅបង្កេីតជាគណនីហ្វេសប៊ុកក្លែងក្លាយ​ក្នុងបណ្តា​ញទំ​នាក់ទំនងសង្គម

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន​ របស់អ្នកនាំពាក្យនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ចំពោះអញ្ញាតជន​ ដែល​យករូបភាពនិងឈ្មោះ​ថ្នាក់ដឹកនាំស្នងការទៅបង្កេីតជាគណនីហ្វេសប៊ុកក្លែងក្លាយ​ក្នុងបណ្តា​ញទំ​នាក់ទំនងសង្គម។ 

ជាក់ស្ដែង​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានបញ្ជាក់ថា​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារ ព័ត៌មាន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា ថ្មីៗនេះមានជនមិន ស្គាល់អត្តសញ្ញាណបានបង្កើតគណនីហ្វេសប៊ុកមួយដោយយករូបភាព និងឈ្មោះរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ។

ផ្ដើមពីបញ្ហានេះក្រុមការងារបានធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់គណនីខាងលើដើម្បីធ្វើការបំភ្លឺនិងឆ្លើយ តប ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់គណនីខាងលើ មិនបានឆ្លើយតបចំពោះសមកម្មភាពរបស់ខ្លួននោះទេ។ តាមរយៈការពិនិត្យជាក់ស្តែងអាចវាយតម្លៃបានថា ការបង្កើតគណនីក្លែងក្លាយបែបនេះ ពិតជាមាន បំណងមិនល្អណាមួយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម។

ដើម្បីចៀវវាងនូវការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជនទូទៅ ជាពិសេសចំពោះអ្នកនិយមប្រើប្រាស់បណ្តាញ សង្គមដោយសារសកម្មភាពរបស់ម្ចាស់គណនីប្រើប្រាស់ក្នុងរូបភាពទុច្ចរិតណាមួយ អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ស្នើឱ្យម្ចាស់គណនីខាងលើ បញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពយករូបភាពនិងឈោ្មះ លោកឧត្តមសេនីយ៍ទោស្នងការ ទៅបង្កើតគណនីក្លែងក្លាយបែបនេះ ហើយក្នុងករណីម្ចាស់គណនីនៅតែបន្ត សកម្មភាពបែបនេះទៀតនោះ សមត្ថកិច្ចនគរបាលនឹងចាត់វិធានការស្របតាមនីតិវិធី និងច្បាប់ជាធរមានចំពោះ ម្ចាស់គណនី ។

ម៉្យាងទៀតក៏ជាការជូនដំណឹងចំពោះមហាជនទូទៅ ដែលលោកនិយមប្រើប្រាស់បណ្តាញសង្គមសូមកុំ ឱ្យមានការភាន់ច្រឡំចំពោះគណនីមួយនេះ ក្នុងករណីម្ចាស់គណនីខាងលើធ្វើសកម្មភាពណាមួយ សូមផ្ដល់ព័ត៌ មានជាបន្ទាន់មកសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕

ដោយ៖សហការី​


ចែករំលែក៖