ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២២ ខែកុម្ភៈ ! គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីវិធានការសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានចេញសេចក្តីជូនដំណឹង ពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣។

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ក្រោមប្រធានបទស្ដីពី៖

– វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់

– វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

— ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប

– ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬប្តឹងជំទាស់លើ បញ្ជីបោះឆ្នោតដំបូង។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ដោយ ៖ សិលា


ចែករំលែក៖