ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, ក្នុងចំណោមភូមិទាំងអស់នៅកម្ពុជា មានជាង៩៨ភាគរយហើយ ដែលមានថាមពលអគ្គិសនីប្រើប្រាស់ នេះបើតាមអាជ្ញាធរអគ្គិសនីកម្ពុជា។ ជាមួយគ្នានេះ ភាគីចិនក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់ខ្លួន បង្កើនការវិនិយោគលើវិស័យថាមពលនេះ នៅកម្ពុជា។
ស្ថានទូតចិនបន្តថា, មានប្រសាសន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍ សម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានលើកឡើងថា នៅចុងឆ្នាំ២០២២ ព្រំដែននៃអាជ្ញាបណ្ណដែលត្រូវបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% នៃចំនួនភូមិទូទាំងប្រទេស រួចក្នុងឆ្នាំ២០២២នេះ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ០.៧៤% នៃចំនួនភូមិថែមទៀត ធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី ៩៧.៥៣% នៅចុងឆ្នាំ២០២១ មក ៩៨.២៧% នៅចុងឆ្នាំ២០២២។
លោកបន្តថា មកដល់ចុងឆ្នាំ២០២២នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ២៤៥ភូមិ ដែលក្នុងនោះ មានភូមិ ២២៨ ឋិតក្នុងដែនអាជ្ញាបណ្ណដែលយើងបានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ឋិតនៅក្រៅដែនអាជ្ញាបណ្ណ។ ផ្អែកតាមការសិក្សា បានបង្ហាញថា ក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ១៥៧ភូមិ ទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាចសល់ភូមិចំនួន ៨៨ ទៀត ត្រូវជា០,៦២% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពស្ថិតក្នុងតំបន់លំបាកខ្លាំង ដូចជាតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់ដែលមានប្រជាជនរស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និងតំបន់តាំងទីលំនៅថ្មីជាដើម ដែលត្រូវការទុនវិនិយោគយ៉ាងច្រើនដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ទៅកាន់ទីនោះ។
ផ្អែកតាមប្រភពដដែល បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលនៅសល់ទាំង ៨៨ នេះ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យប្រព័ន្ធទោល ដែលអាចជាប្រភពទុនរបស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន ។ល។
ជាមួយគ្នានេះដែរ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ក្នុងពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសចិន បានមានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធផលកើតចេញពីទស្សនកិច្ចរបស់សម្តេចនៅចិន ក៏មានការពិភាក្សាទាក់ទងនឹងថាមពលផងដែរ ក្នុងនោះ ឯកឧត្តមថា ប្រទេសចិននឹងបន្តលើកទឹកចិត្តសហគ្រាសឱ្យបង្កើនការវិនិយោគ ក្នុងវិស័យថាមពលរបស់កម្ពុជា និងផ្តល់អាទិភាពដល់គម្រោងថាមពលបៃតង ដូចជា វារីអគ្គិសនី និងថាមពលសូលុយស្យុងក្នុងរយៈពេលវែង។ នាពេលបច្ចុប្បន្ននេះ សមត្ថភាពដំឡើងរបស់ស្ថានីយ៍ថាមពលចិននៅកម្ពុជា ស្មើនឹង ៧០% នៃសមត្ថភាពដំឡើងសរុប របស់ប្រទេស និង ៨០% នៃថាមពលអគ្គិសនី នៅលើបណ្តាញ។
លោកបញ្ជាក់ថា ប្រទេសចិននឹងព្យាយាមគ្រប់មធ្យោបាយដើម្បីជួយកម្ពុជាដោះស្រាយបញ្ហានេះ។ នាពេលបច្ចុប្បន្ន ភាគីទាំងពីរកំពុងទំនាក់ទំនង និងសិក្សាគម្រោងពាក់ព័ន្ធនានា ដើម្បីផ្តល់ប្រភពថាមពលប្រកបដោយស្ថិរភាព និងអាចទុកចិត្តបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
ដោយ ៖ សហការី