បុរសម្នាក់ត្រូវបានហាមប្រាមមិនឱ្យមើលការប្រកួតបាល់ទាត់រយៈពេល៤ឆ្នាំបន្ទាប់ពីគាត់បានវាយប្រហារអ្នកចាំទី Aaron Ramsdale របស់ក្រុម Arsenal នៅក្នុងការប្រកួតបាល់ទាត់ភាគខាងជើងទីក្រុងឡុង។ Ramsdale វ័យ២៤ឆ្នាំត្រូវបានទាត់ចំពីក្រោយ បន្ទាប់ពីក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ២–០ នៅកីឡដ្ឋាន Tottenham Hotspur កាលពីខែមករា។
Joseph Watts អាយុ៣៥ឆ្នាំមកពី Dalston ភាគខាងកើតទីក្រុងឡុងបានបង្ហាញខ្លួននៅតុលាការ Uxbridge Magistrates ជាកន្លែងដែលគាត់បានសារភាពថា មានកំហុសក្នុងការវាយដំ។ គាត់ក៏ត្រូវបានធ្វើកិច្ចសន្យារក្សាសណ្តាប់ធ្នាប់សហគមន៍ និងប្រាប់ឱ្យបង់ប្រាក់សំណងដល់ Ramsdale ចំនួន១០០ផោន។
Ramsdale បានដើរតួយ៉ាងសំខាន់ក្នុងការធានាបានជ័យជម្នះ ២–០ របស់ Arsenal រវាងគូប្រជែងជិតស្និទ្ធទាំង២កាលពីថ្ងៃទី១៥ ខែមករា។ តុលាការបានឲ្យដឹងថា គាត់បានប្រារព្ធពិធីទទួលជ័យជម្នះ ហើយបានអបអររបស់គាត់ក្រោយពីគ្រាប់បាល់ចូល បន្ទាប់មកគាត់ត្រូវបានគេវាយដំ។
អ្នកគាំទ្រក្រុម Tottenham លោក Watts បានរត់ចុះពីលើជណ្តើរពីកន្លែងដែលគាត់កំពុងអង្គុយ ឡើងលើរនាំងមួយ និងទៅលើផ្ទាំងបដាផ្សាយពាណិជ្ជកម្ម មុនពេលទាត់ Ramsdale ពីក្រោយ ហើយរត់ត្រឡប់ទៅកន្លែងឈរវិញ។ គាត់ក៏បានសារភាពថា បានបោះកាក់ចំនួន៤នៅលើទីលានក្នុងអំឡុងពេលប្រកួត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះដែលបានអះអាងទៅកាន់តុលាការ អ្នកចាំទី Ramsdale បាននិយាយថា គាត់ត្រូវតែទៅជួបអ្នកម៉ាស្សា ដោយសារតែខ្នងរបស់គាត់មានអារម្មណ៍ថា ធ្ងន់ប៉ុន្តែមិនមានស្នាមនៅលើស្បែករបស់គាត់ទេ។
គាត់បាននិយាយថា “ខ្ញុំមិនដែលមាននរណាម្នាក់ចូលក្នុងទីលាន ហើយទាត់ខ្ញុំទេ ខ្ញុំគិតថា វាមិនអាចទទួលយកបានទេដែលខ្ញុំគួរតែត្រូវបានគេវាយដំនៅកន្លែងធ្វើការ”។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបន្ថែមថា គាត់មានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះឧប្បត្តិហេតុស្រដៀងគ្នានេះដែលកើតឡើងនាពេលអនាគត។
អ្នកបង្កហេតុ Watts បានសារភាពថា គាត់ស្រវឹងនៅពេលនោះមាន៦កាក់ដែលបានបោះចូលទីលាន ខណៈដែលតុលាការបានស្តាប់ថា គាត់ត្រូវបានគេចាត់ទុកថាមានចរិតល្អ។ បន្ថែមពីលើការចោទប្រកាន់ពីបទបង្ករបួសស្នាម គាត់បានសារភាពថា មានកំហុសក្នុងការគប់កាំជ្រួចទៅកាន់កន្លែងលេងបាល់ទាត់ ហើយបន្តទៅតំបន់ដែលនៅជាប់នឹងកន្លែងលេង។
ភ្លាមៗបន្ទាប់ពីការវាយប្រហារ ក្លិបTottenham បានប្រកាសថា អ្នកគាំទ្រនឹងប្រឈមមុខនឹងការហាមឃាត់ជាបន្ទាន់។ សមាគមកីឡាករបាល់ទាត់អាជីព (PFA) និងសមាគមបាល់ទាត់ (FA) អង់គ្លេសក៏បានថ្កោលទោសចំពោះអ្វីដែលបានកើតឡើងផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)