ព័ត៌មានទាន់ហេតុការណ៍៖

លោក សៅ សុខា ស្នើឱ្យសមាជិក សមាជិការបស់គណប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចនិងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រឡាញ់គ្នាឱ្យបានច្រើន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានស្នើឲ្យសមាជិក សមាជិការបស់គណប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រឡាញ់គ្នាឱ្យបានច្រើន បើទោះបីមាននិន្នាការខុសគ្នាក៏ដោយ។

ការស្នើបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣ក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជននៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។

លោក សៅ សុខា​ បានលើកឡើងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកបន្ដទៀតថា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកិច្ចការការបរទេស កំណើនសេដ្ឋកិច្ច​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម វិស័យ​ការងារ សុខុមាលភាព​សាធារណ: និងសមិទ្ធផលធំៗជាច្រើនទៀត ជាពិសេស​ ការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។

សមិទ្ធផល​ទាំងនេះអាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុតគឺសន្តិភាព​។

សម្ដេច​តេជោនាយករដ្ឋមន្ត្រី តែងតែ​យកចិត្ត​ទុកដាក់​ជាខ្លាំងចំពោះសុខទុក្ខ ជីវភាព​ សុខភាព​ប្រជា​ពលរដ្ឋ​ សុខុមាលភាព​សាធារណៈ​ និងការកាត់បន្ថយភាពក្រីក្រ។

លោក សៅ សុខា បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវបន្តចុះឲ្យដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពួកគាត់ ហើយត្រូវរាយការណ៍បន្តភ្លាមប្រសិនបើបញ្ហានោះហួស ពីសមត្ថភាពក្នុងការដោះស្រាយតាមថ្នាក់របស់ខ្លួននីមួយៗ ៕

ដោយ៖ សុថាន


ចែករំលែក៖