ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ករណីលួចមាសជាង១០តម្លឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធបន្ទាប់ពីធ្វើសកម្មភាពលួចបានមាសជាង១០តម្លឹងត្រង់ចំណុចផ្សារក្រាំងចេកស្ថិតក្នុងភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨និង៥៤នាទីព្រឹកថ្ងៃទី១៨ខែកម្ភៈ ឆ្នាំ២០២៣។

លោក ឧត្តមសេនីយ៍ សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនសង្ស័យដែលកម្លាំងនគរបាលមូលដ្ឋានឃាត់បាននោះទី១មានឈ្មោះ សុឹម ឡេង ភេទ ស្រី អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិក្រងស្វាយ ឃុំ ស្វាយអំពារ ស្រុកមុខកំពូល ខេត្ត កណ្តាលនិង២.ឈ្មោះ ឡោ ថុល ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិមាន ឃុំមាន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។

ទាំង២នាក់បានធ្វើសកម្មភាពចូលលួចមាស ពីជនរងគ្រោះ ឈ្មោះ ចុន ចំរើន   អាយុ ៤៣ ឆ្នាំ មុខរបរ លក់មាសនៅផ្សារក្រាំងចេក បច្ចុប្បន្នរស់នៅភូមិ ទួលស្តៅ ឃុំ ក្រាំងចេក ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។

លោកបានបន្តទៀតថាជនសង្ស័យបានធ្វើសកម្មភាពលួចមាសបានចំនួនជាង១០តម្លឹង (ក្នុងនោះមានខ្សែក១០ខ្សែ.ក្រវឹល៣០គូរ.បន្តោងខ្សែក២០)ត្រូវបានឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែង។

ក្រោយឃាត់ខ្លួនបានដកហូតបាន ទូរស័ព្ទដៃ ០៤ គ្រឿង នាឡិកាដៃ ០១ គ្រឿង រថយន្តម៉ាកកាមរី ហើម ពណ៌ស ផលិតឆ្នាំ១៩៩៣(របស់ជនសង្ស័យ)និងមាសចំនួន១០តម្លឹងពីជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖