ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់សន្ដិសុខឯកជនទាំងអស់ បន្ដចូលរួមលើកកម្ពស់គោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត សំដៅកាត់បន្ថយបទល្មើសនានាក្នុងសង្គម។
ការអំពាវនាវរបស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៦។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអះអាងថា កិច្ចការពារសុខសន្តិភាព និងសន្តិសុខសុវត្ថភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាប រាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «យើងរួមគ្នាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញនូវ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនឲ្យមានបទល្មើសកើតឡើង។ វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ»។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនទាំងអស់ ចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ និង Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សូមកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ ហើយលោកសូមលើកទឹកចិត្ត និងគាំទ្រ ដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន បង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហឹង្សា និងការរំលោភបំពានលើកុមារនិងស្ត្រី ។ល។ ពិសេសនៅតាមបណ្តាគោលដៅ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងគោលដៅងាយរងគ្រោះសំខាន់ៗ។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាន ក៏បានជំរុញដល់ភ្នាក់ងារសន្តិសុខឯកជន ពិសេសនូវគោលដៅខាងលើនេះ ត្រូវមានការហ្វឹកហាត់ជំនាញ បង្ការ និងពន្លត់អគី្គភ័យ ព្រមទាំងជំនាញតាមដានត្រួតពិនិត្យ និងសង្កេតជនសង្ស័យ ដែលមានបំណងចង់ប្រព្រឹត្តបទល្មើសនៅគោលដៅរបស់យើង និងជាពិសេសត្រូវយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប់ជាប្រចាំ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានចំនួន៤៦វគ្គ ភ្នាក់ងារសន្តិសុខឯកជនដែលបានឆ្លងវគ្គ ជាង៨,១២០នាក់។ ក្នុងនោះ បានស្ទាប់ស្ទង់ឃើញថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គនេះ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ មានការយល់ដឹងខ្ពស់មាន និងក្រមសីលធម៌ល្អផងដែរ៕
ដោយ៖ សហការី