ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ខេត្ត​ព្រះសីហនុ​ បន្តចុះធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក​ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព​ឆ្នាំ២០២៣ ដល់សិស្សថ្នាក់អនុវិទ្យាល័យ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក គីម​ សុង នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានដឹកនាំគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក​ និងសុវត្ថិភាពក្នុងការបេីកបរ​ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព​ឆ្នាំ២០២៣ ដល់សិស្សថ្នាក់អនុវិទ្យាល័យ​ ។ 

កម្មវិធីនេះបានរៀបចំឡេីងនៅក្នុងបរិវេនសាលាអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ដែលស្ថិតនៅ​ភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ​ ​ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ លោកនាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ និងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ចំនួន១៣០០នាក់ ស្រី៧៥០នាក់ ។ 

សូមជម្រាបជូនថា​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ និងធ្វើការឃាត់រថយន្ត និងម៉ូតូ ដែលបើកបរបញ្រ្ចាសទិស នៅត្រង់ចំណុចរង្វង់មូលសីហរាជមុខបី ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ 

គួរបញ្ជាក់ថា​​ ជារៀង​រាល់​ថ្ងៃ​ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖