ព័ត៌មានទាន់ហេតុការណ៍៖

ការព្យាបាលជំងឺដុំមហារីកថ្លើម សម័យទំនើប !(HCC: Hepatic Cellular Carcinoma)

ចែករំលែក៖

ភ្នំពេញ ៖ ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ពី ការព្យាបាលជំងឺដុំមហារីកថ្លើម សម័យទំនើប !

(HCC: Hepatic Cellular Carcinoma) នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ 

ក) ការយល់ដឹងទូទៅ៖

ប្រភេទជំងឺដុំមហារីកសាច់ថ្លើម (HCC) គឺជាប្រភេទជំងឺថ្លើមដែលក្រុមការងារវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំតែងតែបានជួបប្រទះ និងទទួលព្យាបាលអ្នកជំងឺជាញឹកញាប់នៅក្នុងផ្នែកឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត។ 

បើទោះបីសព្វថ្ងៃនេះយើងមានវិធីសាស្រ្តទំនើបៗ ហើយមានថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺយ៉ាងណាក៏ដោយ ក៏ជំងឺមួយនេះគឺនៅតែមានភាពកាចសាហាវ ហើយក៏មានភាពលំបាកនៅក្នុងការថែទាំព្យាបាលចំពោះអ្នកជំងឺ និងបានកំពុងតែសម្លាប់ជីវិតមនុស្សជាច្រើនលើពិភពលោកក្នុងមួយឆ្នាំៗ។

ខ)មូលហេតុ៖

ដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសាគ្រឿងស្រវឹងច្រើនហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (80-90%)។

មូលហេតុខ្លះៗបន្ថែមទៀតមាន៖

   – សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចំអិនមិនឆ្អិនល្អ។

   – ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។

ចំណាំ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរៃ (chronic hepatitis B )។

គ) រោគសញ្ញា៖

រោគសញ្ញាដែលអាចអោយយើងដឹងអំពីជំងឺមួយនេះគឺមានដូចជា:

   – មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ

   – ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)

   – អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជំងឺគ្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង…)

   – មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនិត្យមើលអេកូពោះ (Medical checkup)…។

ឃ) ការធ្វើរោគវិនិច្ឆ័យ៖

យើងអាចធ្វើឡើងបានតាមរយៈ

   – ការសាកសួរអំពីប្រវត្តិរបស់ជំងឺ

   – ការពិនិត្យរបស់វេជ្ជបណ្ឌិត (Physical examination)

   – ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម

   – ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker

   – ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy) 

   – ការធ្វើស្កាន់នែពោះដោយចាក់ថ្នាំ (Injection abdominal CT scan) ។

ង)ការព្យាបាល៖

វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល និង សារជាតិគីមី (Chemo embolisation) ដើម្បីកំទិចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកម្ពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឲ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

បច្ចុប្បន្ននេះមានការព្យាបាលទំនើបថ្មីមានដូចជា៖

១. ការព្យាបាលដោយថ្នាំឆ្លាតកំទេចហ្សែន អាចពន្យារជីវិតអ្នកជំងឺបានយូរដល់២ឆ្នាំភាគច្រើន ហើយគុណភាពជីវិតរបស់អ្នកជំងឺប្រសើរជាងការមិនព្យាបាលឆ្ងាយណាស់។ អ្នកជំងឺភាគច្រើនរស់នៅដូចមនុស្សធម្មតា មិនមានការឈឺចាប់អ្វីទាំងអស់។

២. មហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្តូរថ្លើមថ្មី បន្ទាប់មកបន្តការព្យាបាលដោយថ្នាំឆ្លាត រយៈពេល២ឆ្នាំ អ្នកជំងឺរស់បានលើសពី៥ឆ្នាំ ៥០%។

បញ្ជាក់៖ ការប្រើប្រាស់ថ្នាំគីមីចាក់តាមសរសៃ (Chemotherapy) និងការបាញ់កាំរស្មី (Radiotherapy) ទៅលើដុំសាច់មហារីកនេះ គឺមិនមានចម្លើយល្អជាវិជ្ជមាននោះទេសម្រាប់ប្រភេទនៃដុំមហារីកមួយនេះ។ ជំងឺមហារីកថ្លើមមិនអាចបង្ការបាន100%ទេ។

“ដំបូន្មានរបស់ក្រុមការងារវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត គឺមានតែការបង្ការ និងការពារតែមួយគត់ដែលជាវិធីល្អបំផុតសម្រាប់គ្រប់អ្នកជំងឺ។ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ បេ និង សេ ឲ្យបានត្រឹមត្រូវ និងប្រាកដប្រជា មុនពេលវិវត្តទៅដល់ដំណាក់កាលក្រិនថ្លើមនេះ ការចាក់ថ្នាំបង្ការការពារមេរោគរលាកថ្លើមប្រភេទ បេ ពីដំបូងទី និងជៀសវាងការពិសាគ្រឿងស្រវឹងរយៈពេលយូរជាដើម គឺជាវិធានការដ៏ប្រសើរបំផុត” ៕

ដោយ ៖ សហការី


ចែករំលែក៖