ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកពញាឮចាប់ឃាត់ខ្លួនចាត់ការតាមនីតិវិធី បន្ទាប់ពីជនសង្ស័យយកបំពង់ទីបវាយគូរទំនាស់របស់ខ្លួនរងរបួសក្បាលយ៉ាងដំណំ ខណៈកំពុងផឹកស្រាជាមួយគ្នាស្រវឹងស្រឿងៗ ។ ករណីចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ចំណុចភូមិ ថ្មស ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន ពេញ ហៅតុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ យឹម ភារុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ ថ្មស ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ផុន ពេញ ហៅតុយ និងជនសង្ស័យឈ្មោះ យឹម ភារុន រួមនិងឈ្មោះ ស៊ន ជា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ បាននាំគ្នាផឹកស្រាថ្នាំ ចំនួន០១លីត្រ នៅចំណុចផ្ទះរបស់ជនសង្ស័យ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលកំពុងផឹកស៊ីនោះ ជនសង្ស័យបាននិយាយដេញឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលនោះជនរងគ្រោះខឹងដេញខ្លួន បាននិយាយទៅកាន់ជនសង្ស័យថា៖ ហ្អែងខ្មោចចូលមែន បើអញដឹងហ្អែងខ្មោចចូលអ៊ីចឹងអញចាក់ហ្អែងឲ្យងាប់ រួចក៏ដើរចេញពីផ្ទះជនសង្ស័យ ភ្លាមនោះជនសង្ស័យបានស្ទុះទៅវាយប្រតាយប្រតបគ្នាទៅវិញទៅមកជាមួយជនរងគ្រោះ ខណៈពេលនោះជនសង្ស័យ បានទៅយកដែកបំពង់ទីបពីផ្ទះរបស់ខ្លួន វាយទៅលើជនរងគ្រោះចំពីលើក្បាល បណ្តាលឲ្យរងរបួសបែកក្បាល ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ប្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំបាត ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាង ជ័យ