ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា៖ កម្លាំងនគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦០៧គ្រឿងតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះមានម៉ូតូ ៥៤២គ្រឿង និងរថយន្ត ៦៥គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៤,១៥៥គ្រឿង ក្នុងនោះមានម៉ូតូ ១១,៧៤៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,៤១១គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក ទូរស័ព្ទ អត់ស្លាកលេខ ល្មើសល្បឿន អត់បណ្ណបើកបរ និងល្មើសសញ្ញាជាដើម។
ដោយឡែកសម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១១លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ០៧នាក់ (របួសធ្ងន់ចំនួន ០៧នាក់)។ រយៈពេល ៤៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤១៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ២១៣នាក់ របួស ៥១៣នាក់ (របួសធ្ងន់ ៣៤៧នាក់)។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖សហការី