រដ្ឋមន្ត្រីការបរទេសប្រទេសទាំង ៣ គឺកូរ៉េខាងត្បូង អាមេរិក និងជប៉ុន នៅថ្ងៃទី១៩ខែកុម្ភៈ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលកូរ៉េខាងជើងទើបតែបាញ់សាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះបានទទួលស្គាល់ថាខ្លួនបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ប្រភេទវ៉ាសុង១៥ (Hwasong-15) កាលពីថ្ងៃសៅរ៍ម្សិលមិញ ជាផ្នែកមួយនៃការធ្វើសមយុទ្ធពង្រឹងសមត្ថភាពត្រៀមលក្ខណៈវាយបកដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសត្រូវ។
កូរ៉េខាងជើង កាលពីរសៀលថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ធ្លាក់ចូលក្នុងតំបន់ឆ្នេរភាគខាងលិចនៃសមុទ្រជប៉ុន បន្ទាប់ពីបានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ទៀតថា ការធ្វើតេស្ដមីស៊ីល ICBM នេះ គឺជាផែ្នកមួយនៃការធ្វើសមយុទ្ធដ៏ភ្ញាក់ផ្អើល និងបង្ហាញពីសមត្ថភាពនៃកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងការវាយបកដោយអាវុធនុយក្លេអ៊ែរប្រឆាំងសត្រូវ។
ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង អ្នកនាង គីម យ៉ូជុង បានចោទប្រកាន់ថាសហរដ្ឋអាមេរិកកំពុងព្យាយាមប្រើប្រាស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាឧបករណ៍មួយដែលអ្នកនាងផ្ទាល់ចាត់ទុកថាដើម្បីប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ «ខ្ញុំព្រមានថាយើងនឹងតាមឃ្លាំមើលគ្រប់សកម្មភាពរបស់ សត្រូវ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដ៏មានថាមពលប្រឆាំងនឹងរាល់សកម្មភាពអរិភាពប្រឆាំងនឹងពួកយើង»។ នេះជាការបញ្ជាក់របស់អ្នកនាង គីម យ៉ូជុង។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ គឺជាការធ្វើតេស្ដមីស៊ីលលើកដំបូងបំផុតរបស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីថ្ងៃទី១ ខែមករាមក និងបន្ទាប់ពី កូរ៉េខាងជើងព្រមានកាលពីថ្ងៃសុក្រកន្លងទៅនេះថានឹងចាត់វិធានការឆ្លើយតប ចំពោះគម្រោងបង្កើនការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN -VNA)