ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគ្រូ បង្រៀននិងគ្រូពេទ្យនៅស្រុកឱរ៉ាល់និងស្រុកថ្ពង៩០០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី ១៩ ខែកុម្ភៈ  ឆ្នាំ ២០២៣ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ៩០០ នាក់។ 

នាឱកាសនៃពិធីសំណេះសំណាលនេះលោកហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានលោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានឆ្លៀតពេលចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលរួមពិធីជួបជុំថ្ងៃនេះ ដែលនេះជាការជួបជុំលើកដំបូងក្រោយវិបិត្តកូវីដ-១៩ បានធូរស្បើយ។ លោកអ្នកតំណាងរាស្ត្របានបន្តថា គោលបំណងនៃការជួបជុំថ្ងៃនេះគឺដើម្បីថ្លែង អំណរគុណដោយផ្ទាល់ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ ខ្ជួន ដើម្បីអភិវឌ្ឍធនធានមនុស្ស និងសុខភាពប្រជាជន មុន និងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩។  

ក្នុងឱកាសនោះដែរលោកហ៊ុន ម៉ានី បានមានប្រសាសន៍ ថា ឆ្លងកាត់ វិបិត្ដដ៏លំបាកនេះ បានធ្វើអោយខ្មែរមករួប រួមគ្នា សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩។ ស្របជាមួយគ្នាដែរលោកអ្នកតំណាងរាសបានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នេះគឺកើតចេញពីការដាក់ ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចសហការពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងការលៈបង់មិនអាចកាត់ថ្លៃបានពីសំណាក់ លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ជាពិសេសនោះគឺ ការអត់ធ្មត់ យោគយល់ខ្ពស់ គាំទ្រវិធានការរបស់ក្រសួងសុខាភិបាលរបស់ប្រជាពលរដ្ឋ។ 

លោកអ្នកតំណាងរាស្ត្រក៏បានរំលេចដែរថា ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន យើងត្រូវរៀនសូត្រពីសាលា និងតាមរយៈថ្នាក់រៀនពីចំណេះដឹងទូទៅ បន្ទាប់មកយើងគប្បីរៀនសូត្រពីអ្នកដទៃ ជាពិសេសអ្នកជោគជ័យ ដោយយើងអាចមានឱកាស សិក្សា និងស្វែងយល់ពីសិល្បៈនៃការដឹកនាំ រៀនសូត្រពីភាពជោគជ័យ និងបរាជ័យរបស់ពួកគេ រួចហើយ ខិតខំហ្វឹតហាត់សមត្ថភាពខ្លួនឯង និងមួយទៀតគឺរៀនសូត្រពីការងារ  ដើម្បីអោយការងារបង្រៀនយើងបាន យើងត្រូវរៀនធ្វើផង អនុវត្តផង ដើម្បីដកស្រង់ជាបទពិសោធន៍។

នាឱកាសនៃពិធីសំណេះសំណាលនេះលោកហ៊ុន ម៉ានី បានសម្តែងសេចក្តីសោមនស្សរីករាយដែលមាន ឱកាសមកស្រុកថ្ពងសាជាថ្មី ដែលគិតចាប់ពីចូលឆ្នាំ ២០២៣ នេះ គឺជាលើកទី៣ ហើយ ក្នុងនោះលើកទី ១មកចូលរួមក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូBDST បន្ទាប់ មកលើកទី ២ គឺពិធីសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តពន្លាជ័យ ឃុំអមលាំង ហើយលើកទី ៣ គឺថ្ងៃនេះតែម្តង ក្នុងពិធីជួបសំណេះ សំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកថ្ពង។ 

លោកហ៊ុនម៉ានី បានយកឱកាសជួបជុំនាថ្ងៃនេះ ថ្លែង អំណរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលបានជឿជាក់ ទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន ដោយបានធ្វើការបោះឆ្នោតគាំទ្រ ផ្តល់ឱកាសអោយឯកឧត្តមផ្ទាល់ និងអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផ្សេងទៀតមានវត្តមាននៅលើទឹកដីកំពង់ស្ពឺ។ លោកបានបន្តថា រយៈពេល ៤៤ ឆ្នាំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀតដែលកំពុងរងចាំ។ ឯកឧត្តមបានសរបញ្ជាក់ថា គណបក្សប្រជាជន តែងតែនៅជាមួយប្រជាជន មិនត្រឹមតែពេលមានសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពេលប្រទេសជាតិជួបបញ្ហា គណបក្សប្រជាជន តែងតែស្វែងរកដំណោះស្រាយដើម្បីធានាអោយបាននូវសុខសន្តិភាព និងស្ថេរភាពជូនប្រជាជនកម្ពុជាផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលនៃគណៈអភិបាល ស្រុកឱរ៉ាល់ និងស្រុកថ្ពង បានធ្វើសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ហ៊ុន ម៉ានី និងបានថ្លែងអំណរគុណចំពោះលោក ដែលតែងតែយកចិត្តទុក ដាក់ និងគិតគូរពីសុខទុក្ខអ្នកខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះដែរ អភិបាលនៃគណៈអភិបាលស្រុកទាំងពីរ បានធ្វើរបាយការណ៍សង្ខេបពីស្រុករបស់ខ្លួនផងដែរ។ 

អមដំណើរគណៈអធិបតីនាឱកាសនោះរួមមានលោកយឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត  លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ស្រុកឱរ៉ាល់ និងស្រុកថ្ពង៕

ដោយ៖ សូរិយា


ចែករំលែក៖