ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធានមនុស្សចំនួន ១,៩៤៦ នាក់ ក្នុងនោះនិស្សិត នារី ១,០៣៣ នាក់។
និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២ នាក់ផងដែរ។
សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។
សូមជម្រាបជូនថា សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណភាពអប់រំដែលបានកំណត់៕
ដោយ៖ ស តារា