ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! ណែនាំឱ្យគ្រប់ខេត្តទាំងអស់រក្សា អនាម័យ សណ្តាប់ធ្នាប់ឱ្យល្អត្រៀមទទួលភ្ញៀវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យគ្រប់ខេត្តទាំងអស់ ត្រូវរួមគ្នារក្សាអនាម័យ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ដើម្បីទទួលកីឡាករ និងភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងថា មិនត្រឹមតែនៅភ្នំពេញ កំពត កែប ព្រះសីហនុ និងខេត្តសៀមរាបប៉ុណ្ណោះទេ តែក្នុងទូទាំងប្រទេសត្រូវប្រើវេលានៃយុទ្ធនាការដែលនៅសល់ឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ ត្រូវបង្កើនគុណភាពអនាម័យដើម្បីទទួលកីឡាករនិងអ្នកគាំទ្រ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំគិតថាមិនគ្រាន់តែបណ្តាទីក្រុងនៃការប្រកួតដែលមានភ្នំពេញ កំពត កែប ព្រះសីហនុ និង ខេត្តសៀមរាបប៉ុណ្ណោះទេ ក៏ប៉ុន្តែទូទាំងប្រទេសគួរតែត្រូវអនាម័យឱ្យបានល្អ ព្រោះពេលវេលានោះជាពេលវេលាមកដល់មិនគ្រាន់តែកីឡាករទេ អ្នកគាំទ្រ ហើយអ្នកគាំទ្រនោះគេអាចទៅទស្សនាកិច្ចនៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត»។

គួរឱ្យដឹងដែរថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាយើង បានដើរឆ្ងាយពីស្ថានភាពក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ហើយ ដែលកាលពីជំនាន់នោះ យើងធ្វើយ៉ាងណាឱ្យតែបានបរិភោគដើម្បីរស់មិនបានគិតទៅដល់រឿងឆ្ងាញ់នោះទេ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ក្រោយមក ប្រជាពលរដ្ឋយើងបានបរិភោគឆ្អែត និងគិតទៅដល់រឿងឆ្ងាញ់ រហូតដល់បច្ចុប្បន្ននេះ យើងគិតទៅដល់ឆ្អែត ឆ្ងាញ់ ហើយនិងការធានាបាននូវសុខភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុគីមីនានានៅក្នុងចំណីអាហារខ្លះដែលអាចបង្ករផលអាក្រក់ចំពោះសុខភាពរបស់យើងផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖