កាលពីថ្ងៃទី១៩ ខែកុម្ភៈ អាជ្ញាធរប្រេស៊ីលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីលបានបណ្តាលឱ្យមានទឹកជំនន់និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៦នាក់និងរាប់រយនាក់គ្មានផ្ទះសម្បែងរស់នៅ។
វីដេអូដែលបានថតនៅទីក្រុង San Sebastiao ដែលត្រូវបានបង្ហោះនៅលើកញ្ចក់ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីតំបន់ទាំងមូលលិចក្នុងទឹក គ្រឿងសង្ហារឹម និងកម្ទេចកម្ទីជាច្រើនពីផ្ទះតាមចង្កេះភ្នំត្រូវបានទឹកនាំទៅ ជន់លិចផ្លូវហាយវ៉េ រថយន្តជាច្រើនដែលខូចដោយសារដើមឈើដួលរលំពីលើ។ ស្ថិតិបង្ហាញថា មនុស្សជាង២៣០នាក់ត្រូវបានផ្លាស់ទីលំនៅ និងជិត៣៥០នាក់ត្រូវជម្លៀសនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃទីក្រុងសៅប៉ូឡូ។
អភិបាលរដ្ឋសៅប៉ូឡូ លោក Tarcisio de Freitas បានប្រកាសភាពអាសន្នសម្រាប់ក្រុងចំនួន៥ នៅបណ្តោយឆ្នេរសមុទ្រ បន្ទាប់ពីលោកបានធ្វើដំណើរពិនិត្យមើលតំបន់រងគ្រោះពីលើដែនអាកាស ហើយលោកក៏បានបញ្ចេញថវិកាស្មើនឹង១.៥លានដុល្លារ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះផងដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេស៉ីលបានរងគ្រោះធ្ងន់ធ្ងរពីបាតុភូតអាកាសធាតុអាក្រក់ៗ ដែលជំរុញដោយបញ្ហានៃការប្រែប្រួលអាកាសធាតុរបស់ភពផែនដី។ តួយ៉ាងកាលពីឆ្នាំ២០២២ ការធ្លាក់ភ្លៀងខ្លាំងជោកជាំនៅទីក្រុងប៉េត្រូប៉ូលីស (Petropolis) បានបង្កឱ្យមានមនុស្សរហូតដល់លើស ២៣០នាក់បាត់បង់ជីវិត៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN-VNA)