ខេត្តបន្ទាយមានជ័យ៖ ឃ្លាំងអេតចាយ ដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះនៅវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣ននៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
នៅក្នុងស្ថានការណ៍នោះភ្លាមៗគេឃើញមានកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមជាមួយអាជ្ញាធរក្រុងសហការគ្នាញាប់ដៃញាប់ជើងដើម្បីបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយសង្គ្រោះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកបានដឹកនាំកម្លាំង សហការជាមួយនឹងអាជ្ញាធរក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងរបស់ក្រុមហ៊ុនកាស៊ីណូ មានឡានទឹកសរុបចំនួន ០៧គ្រឿង ចុះជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយខាងលើនេះ។
លោកអធិការបញ្ជាក់បន្ថែមថា អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយនេះដោយសារកម្មករបានកាត់ដែកមិនប្រយ័ត្នបង្កជាអណ្តាតភ្លើងឆាបឆេះតែម្ដង តែករណីនេះមិនបានរាលដាលឬក៏ឆាបឆេះធំនោះទេដោយសារមានការអន្តរាគមន៍ភ្លាមៗទើបអគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃដដែល។
សូមរំលឹកថា ឃ្លាំងអេតចាយខាងលើនេះកាលពីរយៈពេលបួនឆ្នាំមុនក៏ត្រូវអគ្គិភ័យឆាបឆេះខាតបង់ប្រាក់រាប់ម៉ីនដុល្លាមកហើយដែរ៕
ដោយ ៖ វណ្ណា