ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានាដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែរីកស្រស់បំព្រងជាមួយនឹងការរក្សាសន្តិសុខឱ្យកាន់តែល្អប្រសើរផងដែរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
លោកឃួង ស្រេង បានជំរុញបែបនេះ ខណៈដែលលោកដឹកនាំកិច្ចប្រជុំជាបន្ទាន់ ដើម្បីពិនិត្យនិងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារមួយចំនួនឡើងវិញ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានភាពស្រស់បំព្រង ជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យល្អប្រសើរក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ការងាររៀបចំរាជធានីភ្នំពេញនេះមិនមែនសម្រាប់តែនៅក្នុងតំបន់នោះទេ តែជារឿងពិភពលោក។ ដូច្នេះយើងត្រូវអនុវត្តការងារនេះឱ្យបានល្អប្រសើរបំផុត។ លោកបញ្ជាក់ថា កន្លងមកនេះយើងបានរៀបចំកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំធំៗមួយចំនួនទៀតទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
លោកឃួង ស្រេង បានបន្តទៀតថា៖ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅដើមខែឧសភាខាងមុខនេះ យើងត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមជាមួយយើង នោះយើងនឹងទទួលបានជោគជ័យនិងមានមោទកភាពទាំងអស់គ្នា។
លោក ឃួង ស្រេង បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនាមជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចគ្រប់មូលដ្ឋានទាំងអស់ ត្រូវតែការពារសន្តិសុខជូនកីឡាករនិងភ្ញៀវទាំងអស់ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សំរិត