នាថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលជាប្រវត្តិសាស្ត្រទៅកាន់អ៊ុយក្រែន ដោយបង្ហាញពីការគាំទ្រ និងសាមគ្គីភាពជាមួយទីក្រុង Kiev ក្នុងបរិបទនៃខួបមួយឆ្នាំដែលប្រទេសរុស្ស៊ីចាប់ផ្តើម “យុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន” (ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ២០២២)។
ដំណើរទស្សនកិច្ចនេះ ដែលត្រូវបានរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹងរហូតដល់នាទីចុងក្រោយ។ ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ឥតងាករេ របស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
មេដឹកនាំអាមេរិកបាននិយាយថា នៅពេលប្រធានាធិបតីរុស្ស៊ីពូទីនចាប់ផ្តើមប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន “គាត់គិតថាអ៊ុយក្រែនខ្សោយ ហើយលោកខាងលិចត្រូវបានបែងចែក”។ ទោះជាយ៉ាងណា លោក Biden បាននិយាយថា លោក Putin «ខុសទាំងស្រុង»។
ភាគីទាំងពីរបានពិភាក្សាអំពីអាវុធរយៈចម្ងាយឆ្ងាយ លោក Zelensky បាននិយាយថា ដំណើរទស្សនកិច្ចនេះគឺជា “សញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន” ។
ប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីនៅទីក្រុងគៀវបានព្រមានពីហានិភ័យខ្ពស់នៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ មិនមានព័ត៌មានជាក់លាក់ថាតើរុស្ស៊ីបានបាញ់កាំជ្រួច ឬយន្តហោះគ្មានមនុស្សបើកនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសអាសន្នសម្រាប់ការវាយប្រហារតាមអាកាសនៅអ៊ុយក្រែនកើតឡើង ខណៈដែលមនុស្សជាច្រើននៅលោកខាងលិចអំពាវនាវឱ្យមានការពន្លឿនការបន្តជំនួយអាវុធដល់អ៊ុយក្រែន។
មកដល់ពេលនេះ អ៊ុយក្រែនបានទទួលការសន្យាផ្តល់ជំនួយរថក្រោះជាច្រើនពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។ ក្រុងគៀវនៅតែបន្តបញ្ចុះបញ្ចូលយ៉ាងសកម្មឱ្យភាគីសម្រេចបញ្ជូនយន្តហោះចម្បាំង F-16 ។ សព្វាវុធរយៈចម្ងាយឆ្ងាយគឺជាគោលដៅរបស់អ៊ុយក្រែននៅពេលនេះ។ ប្រធានាធិបតី Biden ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញក្នុងអំឡុងដំណើរនេះ ហើយត្រូវបានគេរំពឹងថានឹងធ្វើសុន្ទរកថាដ៏សំខាន់មួយ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )