ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៨នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពជិះម៉ូតូដេញស្ទាក់វាយយុវជនម្នាក់ប្លន់យកម៉ូតូនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃសុក្រកន្លងទៅ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្រាប់ថា កាលពីវេលាម៉ោង២១ និង១២នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានបុរសចំនួនពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានធ្វើសកម្មភាពជិះម៉ូតូដេញតាមខ្ញុំបាទតាំងពីចំណុចផ្លូវចូលដុងអារញ្ញរហូតមកដល់ចំណុចកើតហេតុខាងលើ ខ្ញុំបាទក៏បានចាប់ហ្វ្រ័ងម៉ូតូផ្ដួលនៅនឹងថ្នល់ជាតិ។ ក្រោយមកជនសង្ស័យទាំងពីរនាក់បានឈប់ម៉ូតូហើយអ្នកជិះពីក្រោយបានចុះពីលើម៉ូតូដៃប្រុងដកអ្វីម្យ៉ាង។ ខ្ញុំឃើញដូចនេះក៏រត់ចូលប្រឡាយនៅខាងឆ្វេងដៃបានប្រហែលមួយនាទីខ្ញុំក៏ឡើងមកលើថ្នល់វិញស្រាប់តែបាត់ម៉ូតូតែម្ដង រួចខ្ញុំបានរត់ទៅការាសសាំងកូនដំរីហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍តែម្ដង។
សមត្ថកិច្ចប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផែនជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង៥បើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ម៉ូតូ៣គ្រឿង នៅកាស៊ីណូហ្គោដវ៉ើល ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន និងបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្ត។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានឱ្យដឹងថា បន្ទាប់ពីកម្លាំងផែនជំនាញ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសួរនាំរួច ជនសង្ស័យទាំង៨នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតាមវាយនិងបានយកម៉ូតូជនរងគ្រោះប្រាកដមែន។ ក្រោយពីសួរនាំរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕
ដោយ ៖ វណ្ណា