ខេត្តព្រះសីហនុ៖ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មនុស្សចំនួន ៧នាក់ ត្រូវបាននាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងការសាងសង់សំណង់នៅលើដីកំពុងមានវិវាទ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦៖១០នាទី ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងពីលោកស្រី ដាំង ស៉ីយ៉ាន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្ដឹងទៅលើឈ្មោះ ចាន់ ប៊ុនលី ភេទប្រុស ជនជាតិខ្មែរ និងបក្ខពួក ពីបទប្រើហិង្សាលើអ្នកកាន់កាប់អចនលវត្ថុដោយសុច្ចរិត ប្រព្រឹត្តិនៅចំណុចភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រហូតដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២៖១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត ចំនួន១៣នាក់ ដឹកនាំដោយលោកវរសេនីយត្រី ញា វិសិដ្ឋ ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសខេត្តព្រះសីហុ ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះទៅទីតាំងដីតាមការចង្អុលបង្ហាញរបស់លោកស្រី ដាំង ស៉ីយ៉ាន ស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ (បច្ចុប្បន្នប្តូរទៅជាភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ) ឃើញមានមនុស្សចំនួន ០៧នាក់ នៅលើទីតាំងដី។
មនុស្សទាំង ៧នាក់ រួមមាន៖
* ១៖ ឈ្មោះ ចាន់ ប៊ុនលី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរអ្នកចាំដី មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
* ២៖ ឈ្មោះ អ៊ុង សុខា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
* ៣៖ ឈ្មោះ នាក់ ជេន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
* ៤៖ ឈ្មោះ អ៊ី សំអាង ភេទប្រុស អាយុ៤៩ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
* ៥៖ ឈ្មោះ នូច សុខុន ភេទប្រុស អាយុ៦០ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
* ៦៖ ឈ្មោះ ទោល អាន ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់
* ៧៖ ឈ្មោះ ម៉ម សុធី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ដោយឡែកដកហូតវត្ថុតាង រួមមាន៖
* ១៖ ម៉ាស៉ីនភ្លើង ចំនួន ០១គ្រឿង
* ២៖ រថយន្ដ ចំនួន ០១គ្រឿង ម៉ាក VISTO ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2W៖1764
* ៣៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ព័ណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1F៖8699
* ៤៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដាឌ្រីម ព័ណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H៖6363
* ៥៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CH៖9737
* ៦៖ ម៉ូទ័រកាត់ដែក ចំនួន ០១
* ៧៖ ប៉ុស្ដិ៍ផ្សារ ចំនួន ០១
* ៨៖ ខ្សែម៉ែត្រ ចំនួន ០១
* ៩៖ នីវ៉ូទឹក ចំនួន ០១
* ១០៖ ម៉ូទ័រស្វាន ចំនួន ០១
* ១១៖ ផ្លែញញួរ ចំនួន ០១
* ១២៖ ដែកមួយចំនួន។
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននាំខ្លួនមនុស្សទាំង០៧នាក់ និងចាប់យកវត្ថុតាងខាងលើ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបំភ្លឺតាមនីតិវិធី។
កម្លាំងសមត្ថកិច្ចបានពិនិត្យឯកសារដីរបស់ឈ្មោះ ដាំង ស៉ីយ៉ាន ជាដើមបណ្តឹង និងធ្វើការស្តាប់ចម្លើយរបស់ជនទាំង០៧នាក់ខាងលើរួចមកឃើញថា ជនខាងលើនេះជាកម្មករស៉ីឈ្នួល និងអ្នកមើលការខុសត្រូវដីឱ្យឈ្មោះ យឹម វណ្ណៈ ដោយមិនដឹងថាទីតាំងដីខាងលើជាដីមានទំនាស់ទេ។ កម្លាំងជំនាញបានបន្តទាក់ទងទៅឈ្មោះ យឹម វណ្ណៈ ឱ្យយកឯកសារមកបង្ហាញសមត្ថកិច្ចដើម្បីពិនិត្យផ្ទៀងផ្ទាត់ តែឈ្មោះ យឹម វណ្ណៈ ពុំចូលមកបំភ្លឺ បែរជាដាក់ឯកសារតាមម៉ូតូឌុបមកឱ្យទៅវិញ។
រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានទាក់ទងឱ្យឈ្មោះ យឹម វណ្ណៈ ចូលបំភ្លឺតែជននេះនៅតែពុំព្រមចូលបំភ្លឺ ដោយពិនិត្យឃើញថាបណ្តឹងខាងលើតម្រូវឱ្យមានការស៊ើបអង្កេតបន្ថែម និងដោយមានការអនុញ្ញាតពី តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញបានអនុញ្ញាតឱ្យជនទាំង០៧នាក់ខាងលើ ធ្វើកិច្ចសន្យា និងធ្វើលិខិតធានា ឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ចំពោះសម្ភារៈផ្ទាល់ខ្លួនក៏ត្រូវបានប្រគល់ឱ្យទៅកម្មករវិញផងដែរ។
ដោយឡែក ចំពោះការចោទប្រកាន់ថា មានការទាមទារប្រាក់ចំនួន ៣០០ដុល្លារ (បីរយដុល្លារអាមេរិក) ក្នុងម្នាក់ជាថ្នូរនៃការដោះលែង គឺជារឿងមិនពិតទេ៕ដោយ៖សហការី
ខាងក្រោមនេះមានវីដេអូ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស៖
https://fb.watch/iQmzTCYBRc/?mibextid=cr9u03