ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើនារីម្នាក់នៅស្រុកស្វាយទាប។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានទី១ឈ្មោះ រុន សុភី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងទី២ឈ្មោះ លឹម សឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅច្ចុប្បន្នភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងព្រមទាំងដកហូតវត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ០១គ្រឿង ,ទូរស័ព្ទ ចំនួន ០២គ្រឿង,កាបូប ០១និងសំលៀកបំពាក់ចំនួន ០៣សម្រាប់ ។
ចំណែកនារីរងគ្រោះមានឈ្មោះស.ច.រ.យ អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោយកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាប សហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់លោក នុត នន្ទ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើប្រតិបត្តិការបង្ក្រាបករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្ការីសស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងមកសាកសួរ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនយកមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សុថាន