ព័ត៌មានទាន់ហេតុការណ៍៖

ព្រះពុទ្ធបាទទម្ងន់ប្រមាណ៣តោន កំពុងតាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រាប់សាធារណជនបានទស្សនាសិក្សាស្វែងយល់ និងគោរពបូជា

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា,មន្ត្រីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។

ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា, ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។ 

លោក គុន ផល្លី មានប្រសាសន៍ឱ្យដឹងទៀតថា ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។

តាមការសិក្សាស្រាវជ្រាវបង្ហាញថា  តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទៅទស្សនានៅអភិរក្សអង្គរឃើញថា ពុទ្ធបាទនេះ បានជួសជុលរួចរាល់ហើយ ទើបលោកជំទាវណែនាំឱ្យ ក្រុមអភិរក្សយកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជន ដើម្បីបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេស ពុទ្ធបដិមាសម័យក្រោយអង្គរ។

លោក គុន ផល្លី បានឱ្យដឹងទៀតថា នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថា អាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន៥ ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។

 សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។

ការទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ ក្រៅតែពីបានទស្សនាព្រះពុទ្ធបាទ ភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖