ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, ថ្ងៃទី២១ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Shen Danyang អភិបាលរងអចិន្រ្តៃយ៍នៃខេត្តHainanប្រទេសចិន បានដឹកនាំគណៈប្រតិភូមកពីខេត្តHainanមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ច លោក Shen Danyang និងគណៈប្រតិភូបានជួបជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងបានផ្លាស់ប្តូរយោបល់ក្រោមប្រធានបទដូចជា របៀបក្នុងការដើរតួនាទីជាពិសេសរបស់ខេត្តHainan ជំរុញការអនុវត្តកុងសុងស៊ីសដែលថ្នាក់ដឹកនាំទាំងពីរប្រទេសបានកំណត់ជូនស្តីពីការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី។ លោក Shen Danyang ក៏បានជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានពិភាក្សាជាមួយគ្នាលើប្រធានបទស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ ការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ការអប់រំជាដើម។ ក្រៅពីនេះ លោក Shen Danyang និងគណៈប្រតិភូបានចូលរួមវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មនិងវិនិយោគរវាងចិន(ហៃណាន)និងកម្ពុជា និងព្រមទាំងបានជួបជាមួយអ្នកតំណាងក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា និងអ្នកតំណាងជាបងប្អូនជាប់សែស្រឡាយចិនផងដែរ។
សកម្មភាពខាងលើ ក៏មានការអមដំណើរដោយលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាផងដែរ៕
ដោយ ៖ សិលា