ភ្នំពេញ ៖ ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៤ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ នេះ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្ស រីករាយក្រៃលែង សូមថ្លែង នូវសារលិខិតដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់រង ផលប៉ះពាល់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
សង្គ្រាមបានបន្សល់នូវមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ រាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិន ធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
រយៈពេល ៣០ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មក ផ្ទៃដីទំហំ ២៥៥៤ គីឡូម៉ែត្រការ៉េ ត្រូវបាន បោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៧ភាគរយ និងផ្សេងៗ ២២ភាគរយ រួមមាន៖ ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១០ ០៣១ ៦៦៤ នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់ មិនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៣ ០៣៤ ៧២៧ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លងទៅ បានបោសសម្អាតផ្ទៃដីចំនួន ២៥០ គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស ចំនួន ៣៦ ៦០៩ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន១៨៣គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥៥ ៨០៣ គ្រាប់។
ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។
មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើវិស័យសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់ទាំងនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការ ឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥ ដើម្បីអាចធានាបាន នូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានសម្រេចបង្កើតគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន ក្រោម មូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជននានា យ៉ាងផុលផុស ស្របគ្នានេះដែររាជរដ្ឋាភិបាលក៏បានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដោយសម្រេច ផ្តល់ថវិកាប្រមាណ ៣០លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំ ពីឆ្នាំ២០២៣ ដល់២០២៥ ក្នុងការដោះស្រាយបញ្ហា គ្រាប់មីន ដើម្បីរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជូនជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយមិនឱ្យអស់ពីទឹកដីកម្ពុជា តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្ដើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅ ស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។
កាលពីឆ្នាំ២០២២ កន្លងទៅនេះ យើងបានប្រកាសរាជធានី ខេត្តចំនួន៦ ជារាជធានី ខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ដោយឡែកនៅឆ្នាំ២០២៣នេះ គ្រោងប្រកាសខេត្តអស់មីនចំនួន១២បន្ថែមទៀត គឺ ខេត្តកំពង់ចាម ខេត្ត ស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសជាខេត្តអស់មីន។ ក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន៧ ខេត្ត ត្រូវប្រកាសថាអស់មីន ហើយបានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ទោះបីជាកម្ពុជា ជាប្រទេសមួយដែលបានឆ្លងកាត់និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរដែលបង្កឱ្យប្រជាជន ស្លូតត្រង់ស្លាប់ របួស និងពិការរាប់ពាន់នាក់ ក៏កម្ពុជាក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ គិតពី ឆ្នាំ២០០៦មក បានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខជូន ដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកកណ្ដាល។
ជាសមិទ្ធផលកម្ពុជា ទទួលបានស្នាដៃដ៏ធំធេងជាច្រើនដូចជាការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ ផ្តេក-បញ្ឈរ ក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ កម្ពុជាបន្តទទួល បានលំដាប់លេខរៀងទី២ ក្នុងការបរិច្ចាគកម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀង ទី១២ ក្នុងចំណោម១២០ប្រទេសដែលបានបរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សូមអាននូវខ្លឹមសារ ទាំងស្រុង របស់ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៤ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ ដូចខាងក្រោម ៕
ដោយ : សិលា