ភ្នំពេញ ៖ នៅព្រលប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានវេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក តាកេ ហ្សុីសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន បានសម្តែងការពេញចិត្តចំពោះកំណត់ត្រាដ៏ល្អប្រសើរនៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូ ទ្វេភាគីដែលត្រូវបានលើកកម្ពស់បន្ថែមទៀតទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហការ នៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យដោះមីន។ ភាគីទាំងពីរ បាន ឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបន្ថែមទៀតនូវវត្តមានធុរកិច្ចជប៉ុននៅកម្ពុជា និង ជំរុញឱ្យដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្តចំពោះការរីកលូតលាស់នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រួមទាំង ការចូលចតនាវាជើងទឹកតាមកំពង់ផែ។
តាមសំណើរបស់ភាគីកម្ពុជា លោក រដ្ឋលេខាធិការ តាកេ ហ្សុីនសឹកិ បានបញ្ជាក់ជាថ្មីពី ការបន្តការគាំទ្ររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍធនធានមនុស្ស ដំណើរការឡើងវិញនូវកម្មវិធី ស្តីពីការយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យពហុបក្ស… សម្រាប់អ្នកនយោបាយកម្ពុជាវ័យក្មេង ប្រតិបត្តិការបោសសម្អាតមីន ព្រមទាំង ការបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០ រូប មកជួយកម្ពុជា ដែលជា ម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភា ខាងមុនេះ ផងដែរ។
លោក រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ការគាំទ្រថ្លៃថ្លា និងជំនួយដ៏សប្បុរស ដើម្បីជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ កម្ពុជា រួមទាំងជំនួយសម្រាប់ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបានស្វាគមន៍ ចំពោះការពិចារណារបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ឥណទានសម្បទានសម្រាប់គម្រោងស្ដារ ឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្ដាញលូ ក្នុងរាជធានីភ្នំពេញ។ លោក រដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោត ជាតិនៅក្នុងខែកក្កដា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងវិស័យដោះមីនស៊ីវិល ក្នុងគោលបំណងមនុស្សធម៌ ។
បន្ទាប់ពីជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ និង លោក រដ្ឋលេខាធិការ តាកេ ហ្សុីនសឹកិ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ លិខិតប្ដូរសារនេះ គឺជាការ ធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្តូរសារមុនដែលបានចុះហត្ថលេខា រួច កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២៕
ដោយ ៖ សិលា