ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បណ្តុំក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់សារព័ត៌មាន RFA និង The Cambodia Daily ចូលរួមថ្កោលទោស ទណ្ឌិត សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ដែលប្រមាថអង្គព្រះមហាក្សត្រ ជាជាងអង្គុយយកពេលវេលាមកប្រឌិតវាយប្រហារយុវជនសង្គមស៊ីវិល។
តាមរយៈលិខិតរបស់ ក្រុមបណ្ដុំក្រុមយុវជនសង្គមស៊ីវិល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺចេញ លិខិតអំពាវនាវ ដល់សារព័ត៌មាន RFA និង The Cambodia Daily ចូលរួមថ្កោលទោស ទណ្ឌិត សម រង្ស៊ី ក្នុងនោះពួកគេបានសរសេរថា, យើងខ្ញុំទាំងអស់គ្នាជាបណ្ដុំក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងពីរ ដែលតាំងខ្លួនជា ស្ថាប័នសារព័ត៌មានឯករាជ្យ មេត្តាតាមដានព័ត៌មានអំពីទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ ព្រះចេស្តា អង្គព្រះមហាក្សត ហើយគួរតែចូលរួមថ្កោលទោសទណ្ឌិត សមរ ង្ស៊ី ជាជាងអង្គុយយកពេលវេលាមានតម្លៃរបស់អ្នកមកប្រឌិតវាយប្រហារយុវជន សង្គមស៊ីវិលដែលឈប់គាំទ្រស្ថាប័នខ្លួនទៅវិញ។
ការបង្កើតព័ត៌មានតែមួយជ្រុង ហើយប្រឌិតផ្សេងៗ មិនអាចផ្តល់ផលប្រយោជន៍ជូនសង្គមជាតិបានទេ។ ម្យ៉ាងទៀត បាន បណ្តុះការឈឺចាប់ និងភាពអយុត្តិធម៌សម្រាប់ក្រុមយុវជនសង្គមស៊ីវិលទៅវិញ ដោយគ្រាន់តែពួកគេឈប់ចូលរួមប្រឆាំង ឬមាន ទស្សនៈផ្សេងខុសពីស្ថាប័នព័ត៌មានខ្លួន រួចក៏ចាប់ផ្តើមវាយប្រហារក្រុមយុវជនសង្គមស៊ីវិលទាំងនោះ។ រូបភាពនេះហាក់បីដូចជា សា្ថប័នព័ត៌មានខាងលើកំពុងធ្វើវិធុង្សនាមិនឱ្យយុវជនអង្កការ សមាគម ផ្សេងទៀត ឲ្យចេះស្រឡាញ់គ្នាក៏ដូចជាធ្វើការរួមគ្នាបាន។ តើធ្វើក្នុងគោលបំណងអ្វី? យ៉ាងណាមិញ ការចូលរួមសាងទង្វើល្អ ផ្សព្វផ្សាយពីសមិទ្ធផលជាតិ និងតម្កល់ឧត្តមប្រយោជន៍ជាតិ គឺប្រសើរជាងការផ្សាយបំបែកបំបាក់ក្រុមយុវជននានា។ សូមបញ្ឈប់ការបង្ករឿងរ៉ាវផ្សេងៗ ហើយត្រូវផ្សព្វផ្សាយបង្រួបបង្រួម យុវជនឱ្យចេះស្រឡាញ់គ្នា និងអាចធ្វើការជាមួយគ្នាបាន ទើបយើងអាចបណ្ដុះស្មារតីអភិវឌ្ឍជាតិប្រកបដោយចីរភាព។
ក្នុងនាមជាប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈមានការឈឺចាប់នៅពេលដែលមានអគតិជនម្នាក់ ប្រមាថព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ហើយសូមអំពាវនាវម្តងហើយម្តងទៀតដល់សារព័ត៌មានខាងលើ ចូលរួមថ្កោលទោសទណ្ឌិត សម រង្ស៊ី ដើម្បីការពារដល់ ព្រះចេស្តា អង្គព្រះមហាក្សត្រ និងជាតិខ្មែរទាំងមូល៕
ដោយ ៖ សិលា