ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៧ ឆ្នាំសិក្សា២០២១-២០២២ ចំនួន ៣,១៣២នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង ២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៣០២នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,១៨៥នាក់ (នារី ២៧,៥៦៨នាក់)។
ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ៣,១៥៥នាក់ (បីពាន់មួយរយហាសិបប្រាំនាក់) ក្នុងនោះ ជាប់ ៣,១៣២នាក់ (បីពាន់ មួយរយសាមសិបពីរនាក់) ស្មើនឹង ៩៩.២៧%។ ដោយសិស្សមានចំនួនច្រើន ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នេះ ត្រូវបានរៀបចំជា២លើក គឺលើកទី១ ចំនួន ១,៥២៥នាក់ មកពី ១០សាខា និង លើកទី២ ចំនួន ១,៦០៧នាក់ មកពី ១២សាខា នឹងធ្វើនៅថ្ងៃទី១៨ មីនា ២០២៣ ខាងមុខ។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិទាំងអស់នឹងទទួលបានសញ្ញាបត្រពីរ ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ទី១០ ១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅ សិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់ សិស្សជ័យលាភីទាំង ១,៥២៥នាក់ នាពេលនោះផងដែរ។
-ឆមាសទី២ ថ្នាក់ចំណេះទូទៅ ចូលរៀនចាប់ពីថ្ងៃនេះតទៅ!
-វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេស ចូលរៀនថ្ងៃទី២៧ កុម្ភៈ នេះតទៅ!៕
ដោយ៖ ជីណា