ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៨៣ឆ្នាំបើករថយន្តស៊េរីទំនើបចូលក្នុងអាហារដ្ឋានមួយកន្លែង បណ្តាលឱ្យរងរបួស២នាក់ទាំងព្រឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សចាស់ក្មេង២នាក់បានរងរបួសត្រូវបានដឹកយកទៅព្យាបាលភ្លាមៗខណៈដែលកំពុងអង្គុយ ហូបអាហារ ត្រូវបានលោកតាម្នាក់អាយុ៨៣ឆ្នាំ បើកបររថយន្តស៊េរីទំនើបបុកចូលហាងដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៣នៅចំណុចអារហារដ្ឋានយីហោស្រី មុំ នៅបណ្ដោយផ្លូវជាតិលេខ៣ក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍បាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រ (Land Cruiser )ស៊េរី២០១១ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2Q-8555 បើកបរដោយឈ្មោះ ទ្រី ភី ភេទ ប្រុស អាយុ៨៣ ឆ្នាំ រស់នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីទិសខាងជើងទៅទិស ខាងត្បូង។ លុះមកដល់ចំណុចខាងលើរថយន្តបានបត់ ស្ដាំហើយជ្រុលចង្កូតចូលអាហារដ្ឋានយីហោស្រី មុំ ម្ចាស់ឈ្មោះស្រី មុំ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យរងរបួសមនុស្ស២នាក់ដែលកំពុងអង្គុយហូបអាហារ  ទី១.ឈ្មោះ វី ដេវីត ភេទប្រុស អាយុ ៥ឆ្នាំ រស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ (រងរបួសស្រាល) និងទី២. ឈ្មោះ សេក សំអឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( របួសស្រាល) ។

នគរបាលចរាចរណ៍បញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន បាត់ស្រមោល។

ករណីខាងលើបណ្ដាលឱ្យ រងរបួសមនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖

-របួសមនុស្ស ០២នាក់( ស្រាល)

-ខូចខាតរថយន្ត០១គ្រឿង(ស្រាល)

-ខូចខាត តុ០២ (ជ្រុង០១ មូល០១) កៅអីឈើ១០ កៅអីជ័រ១០ ទូរដាក់សម្ភារៈលក់ដូរ០៣ គ្រែប្រអប់ឈើក្បាច់០១(ខូចខាត២០%) គ្រឿងសង្ហារឹមរូបចម្លាក់ឈឺមាន( ត្រី តាកំប៉ោង ) សាឡុងឈើ០១ គល់ឈើ០៥គល់  និងសម្ភារមួយចំនួនទៀត។

តំណាងភាគីទាំងសងខាងសម្របសម្រួលគ្នា នៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង៕

ដោយ៖ សូរិយា


ចែករំលែក៖