ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់នៅអាមេរិក ស្លាប់៥នាក់

ចែករំលែក៖

មានករណីធ្លាក់យន្តហោះ នៅក្នុងស្រុកលីយុង ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក បណ្តាលឱ្យបុគ្គលិកពេទ្យនៅលើយន្តហោះ រួមនឹងអ្នកជំងឺនិងសាច់ញាតិបានស្លាប់ទាំងអស់។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា សេវាសង្រ្គោះបន្ទាន់នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា យន្តហោះពេទ្យមួយគ្រឿងបានធ្លាក់នៅរដ្ឋណេវ៉ាដា (Nevada) តំបន់ភាគខាងលិចប្រទេស ជាហេតុនាំឱ្យមនុស្សទាំង៥នាក់ដែលបានធ្វើដំណើរនៅលើនោះបាត់បង់ជីវិតទាំងអស់។
សេវាសង្រ្គោះបន្ទាន់ REMSA Health បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះធុន PC-12 មួយគ្រឿងរបស់ខ្លួនបានបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដាកាលពីវេលាយប់ថ្ងៃសុក្រ នៅក្បែរក្រុងឈ្មោះ ស្តេកខូច (Stagecoach) កៀកនឹងព្រំប្រទល់នៃរដ្ឋណេវ៉ាដាជាមួយរដ្ឋកាលីហ្វ័រនីញ៉ា (Calfornia)។ REMSA Health បានប្រាប់ថា ក្រោយមកខ្លួនទទួលបានព័ត៌មានពីអាជ្ញាធរពន្លត់អគ្គិភ័យប្រចាំតំបន់ថា យន្តហោះនោះបានធ្លាក់និងពុំមាននរណាម្នាក់ រួចរស់ជីវិតឡើយ។
ក្រៅពីពីឡុតម្នាក់នៅលើយន្តហោះនោះ រួមមានគិលានុបដ្ឋាកម្នាក់ ពេទ្យសង្រ្គោះបន្ទាន់ម្នាក់ អ្នកជំងឺម្នាក់ និងសមាជិកម្នាក់នៃគ្រួសារអ្នកជំងឺ។ ខណៈដែលស្ថានភាពជាក់លាក់ជុំវិញការធ្លាក់នៅមិនទាន់ដឹងនៅឡើយក្តី ក៏យន្តហោះនោះបានធ្លាក់ស្របពេលដែលព្យុះរដូវរងាដ៏ខ្លាំងក្លាមួយកំពុងបោកបក់លើតំបន់បណ្តោយឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ fox10


ចែករំលែក៖