ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភ: ឆ្នាំ ២០២៣ លោក គង់ មេត្តា អភិបាលស្រុកសំបូរ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួសុខទុក្ខនាំយកសម្ភារ: គ្រឿងបរិភោគ និងថវិកា របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំបូរ និងសាខាខេត្តក្រចេះ ទៅផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន ៦គ្រួសារ នៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
ក្នុងឱកាសសំណេះសំណាលនោះដែរ លោក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះនៅពេលនេះ ។
ជាមួយគ្នានេះដែរ លោក ក៏បានចូលរួមសោកស្តាយជាខ្លាំង ជាមួយគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យនេះ ដែលបានបណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិដោយហេតុការណ៍នេះ ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះគ្រោះអគ្គីភ័យ ជាពិសេសក្នុងរដូវដែលមានខ្យល់បក់ខ្លាំងនេះ ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ភួយ១ មុង១ ក្រមា១ តង់១ និង ថវិកា៥០០,០០០រៀល ៕
ដោយ ៖ សហការី