ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថក្រុងកំពតបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់

ចែករំលែក៖

 

ខេត្តកំពត៖ ក្រុមជនសង្ស័យ០៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពតបានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។នេះបើយោងតាមរបាយការណ៍ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣នេះរបស់កងរាជអាវុធហត្ថខេត្តកំពត។

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

  ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបាននោះមាន ៖

១.ឈ្មោះ សុង សាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ជួញដូរគ្រឿងញៀន)។

២.ឈ្មោះ ម៉ុន រ៉ាវីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វីខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ជួញដូរគ្រឿងញៀន)។

៣.ឈ្មោះ ឈិន កុសល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ផ្សំគំនិតជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

 និងចាប់វត្ថុតាងរួមមាន៖

 -គ្រឿងញៀន០៥កញ្ចប់ ទម្ងន់៩,៨៤ក្រាម ថ្លឹងទាំងសំបកថង់។

 -ទូរស័ព្ទចំនួន០២គ្រឿង។

 -ម៉ូតូចំនួន០១គ្រឿង។

 -ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩(លទ្ធផលអវិជ្ជមាន)។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖